ភ្នំពេញ៖ជាការចាប់ផ្តើមដ៏ធំមួយសម្រាប់យុទ្ធនាការ AFC Cup ឆ្នាំ ២០២០ នៅក្នុងពូល G ស្របពេលដែលក្រុមដំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើការប្រកួតជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលរបស់ប្រទេសហ្វីលីពីន Ceres–Negros FC នៅវេលាម៉ោង ៦:៣០ នាទីល្ងាចនេះ(កម្ពុជា) នាកីឡដ្ឋាន Rezal Memorial ។
Ceres-Negros គឺជាជើងឯកនៃលីគកំពូលរបស់ហ្វីលីពីន នាឆ្នាំ ២០១៩នេះ (ក្រុមល្អផ្ដាច់គេប្រចាំបាល់ទាត់ហ្វីលីពីន) និងជាក្រុមអាស៊ីអាគ្នេយ៍មួយដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងសហព័ន្ធបាល់ទាត់ AFC, រួមទាំងពានរង្វាន់ AFC Champions League ផងដែរ។
ក្រុមរបស់ហ្វីលីពីននេះ ធ្លាប់ឈ្នះជើងឯក ៣ សម័យកាលឯណោះគឺនៅ ឆ្នាំ ២០១៧, ២០១៨ និង ២០១៩ និងជើងឯក Copa Paulino Alcantara (២០១៩)។ មិនតែប៉ុណ្ណោះពួកគេក៏ជាជើងឯកនៃពានរង្វាន់ PFF National Men’s Club Championship (ឆ្នាំ ២០១២-១៣ និង ២០១៣-១៤) និងជាជើងឯកពានរង្វាន់ United Football League (ឆ្នាំ ២០១៥) ថែមទៀតផង។
គួរបញ្ជាក់ផងដែរថា Ceres-Negros ក៏ធ្លាប់បានចូលរួមនៅក្នុងការប្រកួតពានរង្វាន់ AFC Champions League រួចមកហើយ, ហើយធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Cup ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ៕
អត្ថបទ៖ មៃ ចាន់បុត្រ