ភ្នំពេញ៖ស្របពេលដែលប្រទេសចិនកំពុងជួបវិបត្តិនៃវីរុសកូរ៉ូណាយ៉ាងធ្ងន់ធ្ងរ បណ្ដាលឲ្យការផ្គត់ផ្គង់វត្ថុធាតុដើមឲ្យតាមបណ្ដារោងចក្រនានានៅកម្ពុជាមិនបានទាន់ពេលនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបឲ្យដឹងថា រោងចក្រមួយចំនួនអាចនឹងត្រូវបិទទ្វារក្នុងពេលខាងមុខនេះ។
ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រនៅព្រឹកថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ ២០២០នេះសម្ដេចតេជោ ហ៊ុនសែន បានថ្លែងថា ការបិទរោងចក្រនេះមិនមែនបណ្ដាលមកពីសហភាពអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទលើកលែងតែអាវុធ(EBA)នោះទេ ស្របដែលវាសនាEBAរបស់កម្ពុជានឹងត្រូវបានដឹងនៅថ្ងៃស្អែកហើយ។
ទាក់ទិនបញ្ហានេះលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈធ្លាប់បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថាកម្មកររោងចក្រមួយចំនួន នឹងត្រូវប្រឈមមុខព្យួរការងារនៅអំឡុងខែមីនាខាងមុខ ដោយសារចិនបិទរោងចក្រផ្គត់ផ្គង់វត្ថុធាតុដើមមកកម្ពុជា ព្រោះបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងរាតត្បាតនៅប្រទេសចិន៕