ភ្នំពេញ៖ក្រុមជើងឯកកម្ពុជា ព្រះខ័នរាជស្វាយរៀង បានណាត់ Duli Pengiran Muda Mahkota (DPMM FC) ដែលជាក្លិបរបស់ប្រទេសព្រុយណេ មកប្រកួតមិត្តភាពអន្តរជាតិ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នាពហុកីឡាដ្ឋានជាតិកម្ពុជា។
DPMM FC គឺជាក្លិបបាល់ទាត់អាជីពមួយនៅក្នុងតំបន់ Bandar Seri Begawan, ប្រទេសព្រុយណេ ខណៈក្លិបបាល់ទាត់មួយនេះបានចូលរួមនៅក្នុងលីគកំពូលនៃប្រទេសព្រុយណេ តាំងពីឆ្នាំ ២០០០ មកម្ល៉េះ, ដែលពួកគេធ្លាប់ឈ្នះពានរង្វាន់លីគក្នុងឆ្នាំ ២០០២ និងឆ្នាំ ២០០៤។ បន្ទាប់មកក្លិបខាងលើនេះបានសម្រេចចិត្តផ្លាស់ទៅលេងនៅប្រទេសម៉ាឡេស៊ី នាលីគកំពូលរបស់ប្រទេសម៉ាឡេស៊ីក្នុងនាមជាក្រុមដែលមានមូលដ្ឋាននៅក្រៅប្រទេសសម្រាប់រដូវកាល ២០០៥–០៦ កន្លងទៅ ហើយក៏ធ្លាប់ឈ្នះពានរង្វាន់ក្នុងការផ្សព្វផ្សាយ នៅលីគកំពូលម៉ាឡេស៊ីនាចុងបញ្ចប់នៃរដូវកាលដំបូងរបស់ពួកគេក្នុងវិស័យបាល់ទាត់របស់ម៉ាឡេស៊ី ២រដូវកាលនោះ គឺទទួលចំណាត់ថ្នាក់ទី ៣ និងទី ១០ ក្នុងពានរង្វាន់ Super League។ យ៉ាងណាមិញក្លិបនេះបានចាកចេញពីលីគកំពូលរបស់ម៉ាឡេស៊ីនិងបានចូលរួមជាមួយលីគកំពូលសិង្ហបុរីនារដូវកាល ២០០៩ និងបានឈ្នះពានរង្វាន់លីគកំពូលសិង្ហបុរីនៅរដូវកាលនោះផងដែរ។ហើយពួកគេក៏ជាជើងឯកនៃលីគកំពូលរបស់សិង្ហបុរីកាលនៅឆ្នាំ ២០១៥ កន្លងទៅមុនផ្លាស់ទៅព្រុយនេវិញផងដែរ។
សូមបញ្ជាក់ថា ការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ DPMM FC នឹងត្រូវប្រព្រឹត្តនាវេលាម៉ោង ៣:៣០ នាទីរសៀលដោយធ្វើឡើង នាពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕
អត្ថបទ៖ មៃ ចាន់បុត្រ


