លោក សុខ វាសនា ថាកូនក្រុមលេងសុីចង្វាក់គ្នាល្អនៅតំបន់ប្រយុទ្ធ ក្រោយឈ្នះពាន

0

ភ្នំពេញ៖ ក្រោយឈ្នះពានរង្វាន់មិត្តភាពនៅកីឡដ្ឋានខេមរភូមិន្ទ (ស្តាតចាស់) TV5 Pre-Season Championship 2020 កាលពីថ្ងៃសៅរ៍ ទី១៨ ខែមករា លោក សុក វាសនា គ្រូបង្គោលក្លិបអាស៊ីអឺរ៉ុបយូណាយធីត បានមើលឃើញពីចំណុចវិជ្ជមានមួយចំនួនរបស់កូនក្រុម នៅតំបន់ប្រយុទ្ធ ហើយថា ខណៈចំណុចខ្វះខាតខ្លះត្រូវកែឲ្យបានមុនរដូវកាលថ្មី២០២០ចូលមកដល់។

លោក សុក វាសនា លើកឡើងថា ៖”ការប្រកួតនេះវាបង្ហាញឲ្យឃើញចំណុចវិជ្ជមានមួយចំនួនដូចជា ការលេងសាមគ្គី និងសហការជាក្រុម មានឆន្ទៈខ្ពស់លេងស៊ីចង្វាក់គ្នានៅតំបន់ប្រយុទ្ធ មានវិន័យ និងប្រកបដោយ Fair play។ ការរៀបចំ និងបង្កើតឱកាសសម្រាប់ទាត់បញ្ចូលទីមានច្រើន។ ចំណុចខ្វះខាតវិញ គឺកម្លាំងនៅមានកម្រិត។ កីឡាករប្តូរចូលមួយចំនួនខ្វះបទពិសោធ, កម្រិតលេងនៅទាប និងរបៀបការពារមួយទល់មួយយើងនៅមានបញ្ហា តែជាក្រុមយើងធ្វើបានល្អច្រើន”។

គួររំលឹកដែរថា មុនឈានដល់លើកពានមិត្តភាពនេះ អាស៊ីអឺរ៉ុប បានទម្លាក់ ណាហ្គាវើលដ៍ នៅថ្ងៃបើកឆាក ៤ទល់នឹង៣ កាលពីថ្ងៃទី១៦ ខែមករា និងវគ្គផ្តាច់ព្រ័ត្រ បានយកឈ្នះ ក្រសួងការពារជាតិ ៥ទល់នឹង៤ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី បន្ទាប់ពី ៩០នាទីស្មើគ្នា ៣ទល់៣ ខណៈចំណាត់ថ្នាក់លេខ៣ បានទៅ ណាហ្គាវើលដ៍ ដែលឈ្នះ សូលទីឡូអង្គរ ១ទល់០៕
អត្ថបទ៖ មៃ ចាន់បុត្រ​