ភ្នំពេញ៖ ខ្សែប្រយុទ្ធកំពស់ខ្ពស់ ឃួន ឡាបូរ៉ាវី បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ចាប់ពីពេលនេះតទៅ នឹងក្លាយជាគ្រូបង្វឹកសាលាបាល់ទាត់បឹងកេត។
កីឡាករកំពស់ ១.៨០ រូបនេះ បានប្រឡូកក្នុងវិស័យបាល់ទាត់អស់ ១២ឆ្នាំ ពោលគឺចាប់ផ្ដើមអាជីពដំបូងជាមួយ ព្រះខ័នរាជស្វាយរៀង ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៣ នឹងធ្លាប់ឈ្នះពានសម្តេចហ៊ុនសែន ២លើក នាឆ្នាំ២០១១ និង ឆ្នាំ២០១២ បន្ទាប់មកបានផ្លាស់មកក្លិប បឹងកេត នាឆ្នាំ២០១៤ ក៏បានជួយ បឹងកេត ឈ្នះពានលីគកំពូលកម្ពុជា ២លើក នាឆ្នាំ២០១៦ នឹងឆ្នាំ២០១៧ ហើយក៏បានជួយសម្រេចបំណងធំរបស់ក្លិបបឹងកេត គឺឈ្នះពានសម្តេចហ៊ុនសែន នារដូវកាលមុននេះ ២០១៩។ ជាមួយក្រុមជម្រើសជាតិវិញ បូរ៉ាវី បានបង្ហាញខ្លួនចំនួន ៥៦ប្រកួត នឹងរកបាន ១៤គ្រាប់ ផងដែរ។
សូមបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធជំនាញជើងឆ្វេងនេះ ធ្លាប់ឈ្នះស្បែកជើងមាស ៤ដង នាពានសម្តេចហ៊ុនសែន ដែលមិនធ្លាប់មានកីឡាករអាចធ្វើបានឡើយ៕
អត្ថបទ៖ មៃ ចាន់បុត្រ