ចំណាប់អារម្មណ៍ សៀង ចន្ធា ក្រោយពីបានចូលរួមជាមួយ បឹងកេត

0

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានដែលក្លិប បឹងកេត បានរៀបចំឡើងដើម្បីប្រកាសពីការនាំចូលកីឡាករថ្មី រួមជាមួយគ្រូបង្វឹកថ្មី ស្របពេលដែល សៀង ចន្ធា ក៏បានបញ្ចេញចំណាប់អារម្មណ៍ផងដែរ។

ខ្សែប្រយុទ្ធវ័យ ១៧ឆ្នាំរូបនេះបាននិយាយថា៖ “សម្រាប់ខ្ញុំ មុនមកចូលបឹងកេត មានក្លិបច្រើនទាក់ទងខ្ញុំដែរ។ តែអ្វីដែលជំរុញឲ្យខ្ញុំចូលរួមជាមួយបឹងកេត ព្រោះក្លិបមួយនេះល្អ មានកីឡាករល្អៗច្រើន មានការប្រកួតប្រជែងខ្ពស់ ហើយក៏ជាក្លិបខ្ញុំមានស្រលាញ់ដែរ។ ខ្ញុំ ពិតជាមានអារម្មណ៍សប្បាយចិត្ត ដែលបានលេងជាមួយបង ចាន់ វឌ្ឍនាកា អ្វីដែលសំខាន់ ខ្ញុំនឹងប្រឹងប្រែងចាប់ដៃគូជាមួយគាត់ ដើម្បីជួយក្រុមឲ្យទទួលបានលទ្ធផលល្អ នៅរដូវកាលថ្មីខាងមុខ។”

គួរបញ្ជាក់ថា ក្រៅពីកីឡាករ សៀង ចន្ធា ក៏មានយុវជនសាលាបាល់ទាត់ជាតិបាទី ៣រូបទៀតដែរ រួមមានខ្សែការពារ ជុង មករា, ខ្សែការពារ សៅ វ៉ៃហ្វី និងអ្នកចាំទី ថា ច័ន្ទឬទ្ធី ខណៈដែលលោក Apisit Im Amphai ត្រូវបានប្រកាសជាគ្រូបង្គោលផ្លូវការរបស់ បឹងកេត នារដូវកាលថ្មី ឆ្នាំ២០២០ ខាងមុខផងដែរ៕
អត្ថបទ៖ មៃ ចាន់បុត្រ​