ភ្នំពេញ៖ ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នឹងទៅបោះជំរំហ្វឹកហាត់ នាប្រទេសម៉ាឡេស៊ី ចំនួនមួយសប្ដាហ៍ ដើម្បីត្រៀមខ្លួនមុនការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអាស៊ី លំដាប់ទី២ ( AFC Cup 2020 )។
ក្រុមជើងឯកនេះ គ្រៀងការបោះជំរំហ្វឹកហាត់នៅទីនោះរយៈពេល ៨ ថ្ងៃ ពោលគឺនឹងចាកចេញនៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១៤ ខែដដែល។ ព្រះខ័នរាជស្វាយរៀង ក៏មានការប្រកួតមិត្តភាពជាមួយក្លិបនៅលីគកំពូលម៉ាឡេស៊ី ចំនួន ៣ ប្រកួត ផងដែរ ដោយថ្ងៃទី ០៨ គឺជួបជាមួយក្រុម Selangor FA, បន្ទាប់មកជួបជាមួយ Felda United នៅថ្ងៃទី ១១ និងចុងក្រោយប្រកួតជាមួយ Terengganu FC នៅថ្ងៃទី ១៣ មុនត្រលប់មកកម្ពុជា វិញនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង នឹងប្រកួតវគ្គ Play-Off ជាមួយក្រុម Master 7 នៅថ្ងៃពុធ ទី២២ ខែមករា សម្រាប់ជើងទីមួយ នាពហុកីឡដ្ឋានជាតិ និងជើងទីពីរ នៅរដ្ឋធានីវៀងចន្ទន៍ មួយសប្ដាហ៍បន្ទាប់៕
អត្ថបទ៖ មៃ ចាន់បុត្រ