ក្លិប Juventus គឺជាក្លិបយក្សចុងក្រោយនៅក្នុងតំបន់អឺរ៉ុប ដែលបាន បង្ហាញចំណាប់អារម្មណ៍ចង់បាន អ្នកចាំទី Marc-Andre ter Stegen របស់ Barcelona ។
គ្រូបង្វឹកសេះបង្កង់ លោក Maurizio Sarri កំពុងក្រាញននៀល ចង់បាន អ្នកចាំទី ម្នាក់ទៀត ដើម្បីជំនួសតំណែង អ្នកចាំទី អាយុ ៤១ឆ្នាំ Gianluigi Buffon ។
ប្រភពព័ត៌មានពី Mundo Deportivo បានចុះថា សេះបង្កង់ កំពុងចង់បាន Ter Stegen អាយុ ២៧ឆ្នាំដែលអាចនឹងលក់ក្នុងតម្លៃ ១០០លានអឺរ៉ូ ។
ចំណុចនេះ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងក្លាយជាកីឡាករដែលថ្លៃជាងគេគ្រប់ពេល នឹងអាចបំបែកកំណត់ត្រា កីឡាករ Kepa Arrizabalaga របស់តោខៀវ ដែលបានចុះហត្ថលេខាក្នុងតម្លៃ ៧១លានផោន កាលពីឆ្នាំ ២០១៨ ។
ទោះបីជាតម្លៃនេះច្រើនក្តី តែ សេះបង្កង់ អាចនឹងលក់កីឡាករខ្លះៗ ចេញ ដើម្បីទិញអ្នកចាំទីរូបនេះ ចូល ក្នុងទីផ្សារដោះដូរខាងមុខ ខណៈដែល Dybala កំពុងមានទំនាក់ទំនងជាមួយ Spurs ដើម្បីចាកចេញពីទឹកដីអ៊ីតាលីផងដែរនោះ។
ពហុកីឡដ្ឋាន Old Lady នៅមានសត្រូវប្រជែងមួយទៀត គឺ Bayern Munich ដោយចង់បានកីឡាករ អាយុ ២៧ឆ្នាំខាងលើ ដើម្បីយកមកជំនួស តំណែង Manuel Neuer ដែលបច្ចុប្បន្នអាយុ ៣៣ឆ្នាំ ។
នៅសល់គូប្រជែងជើងខ្លាំងមួយទៀតគឺ PSG ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បានដូចគ្នា ដោយយកមកជំនួសតំណែង Keylor Navas មាន អាយុ ៣៣ឆ្នាំ ។
ពេលនេះដែរ Ter Stegen មិនបានបន្តកុងត្រាវែងឆ្ងាយជាមួយក្លិបយក្សអេស្ប៉ាញឡើយ ដោយកំពុងចង់ចាកចេញ ដើម្បីលេងនៅលីកផ្សេង ។
បញ្ជាក់ផងដែរថាTer Stegen បានមកដល់ទឹកដីអេស្ប៉ាញកាលពីឆ្នាំ ២០១៤ ក្រោយចាកចេញពី Borussia Mönchengladbach ក្នុងតម្លៃ ១១លានផោន ហើយក៏បានអភីវឌ្ឍន៍ខ្លួន ក្លាយជាកីឡាករដែល ល្អបំផុតក្នុងពិភពលោក៕