ភ្នំពេញ៖ យោងតាមរបាយការណ៍ពីក្លិបបាល់ទាត់សៀមរាបយូណាយធីត ( Siem Reap UnitedFootball Club ) ថាលោក
Stephan Stooss ដែលជាគ្រូបង្វឹកអ្នកចាំទីមានបទពិសោធន៍ច្រើននៅតំបន់អឺរ៉ុប នឹងមកបង្ហាត់ក៏ដូចជាផ្តល់ចំណេះដឹងបន្ថែមដល់ក្លិបថ្មីសន្លាងមួយនេះ។
បុរសចំណាស់ដែលជាអតីតគ្រូបង្វឹកចាំទីជនជាតិស្វីស ដែលមានបទពិសោធន៍យ៉ាងច្រើននៅតំបន់អឺរ៉ុប និងអាស៊ី នឹងមកចែករំលែកបទពិសោធន៍ដល់យុវជនកម្ពុជា នាកីឡដ្ឋាន SRU នៃក្លិបបាល់ទាត់សៀមរាបយូណាយធីត រយៈពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃសុក្រ ទី១៣ នឹងថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩ នាវេលាម៉ោង ៣រសៀល ដល់ម៉ោង ៦ល្ងាច ទាំងពីរថ្ងៃ។
ក្រៅពីការងារបង្ហាត់ លោក Stooss ក៏ជាគ្រូឧទ្ទេសប្រចាំ FIFA ផងដែរ ខណៈដែលបច្ចុប្បន្នគាត់កំពុងបម្រើការងារនៅក្នុងប្រទេសវៀតណាម។ ក្លិបថ្មីមួយនេះ ក៏មានគោលដៅចង់មកចូលរួមជាមួយលីគកំពូលកម្ពុជាដែរ ដោយបច្ចុប្បន្ន បានបង្កើតក្រុមពាក់កណ្តាលអាជីព មុនឈានដល់ក្រុមអាជីព នាពេលអនាគត ហើយក៏បានចុះ MOU ជាមួយក្រុមហ៊ុន២ មកពីម៉ាឡេស៊ី លើសម្ភារៈកីឡាករ និងមានកីឡដ្ឋានផ្ទាល់ខ្លួនផងដែរ ដោយគ្រោងបំពាក់កៅអី ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៥,០០០នាក់ឯណោះ។
សូមបញ្ជាក់ថា លោក លី សេងហួរ ដែលជាប្រធានក្លិបបាល់ទាត់សៀមរាបយូណាយធីត បានដាក់គោលដៅចម្បងក្រោយបង្កើតក្លិបនេះ គឺផ្ដោតសំខាន់លើការពង្រឹងក្រុមពាក់កណ្ដាលអាជីព និងបង្កើតក្រុមថ្នាល រីឯគោលដៅចូលលេងក្របខណ្ឌលីគកំពូលកម្ពុជា លុះត្រាមានដៃគូសហការឧបត្ថម្ភរឹងមាំសិន៕
អត្ថបទដោយ៖ មៃ ចាន់បុត្រ