ភ្នំពេញ៖ ក្លិបកីឡាបាល់ទាត់ គិរីវង់សុខសែនជ័យ នឹងរៀបចំការធ្វើតេស្តជ្រើសរើសកីឡាករយុវជនដែលមានសមត្ថភាពមកចូលរួមជាយុវជនថ្នាលអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ របស់ក្លិបចាប់ពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ៨ ព្រឹក នាកីឡដ្ឋានគិរីវង់សុខសែនជ័យ។
ប្រសិនបើប្អូនៗគិតថាខ្លួនមានសមត្ថភាពហើយមានបំណងចង់ចូលរួមជាមួយយុវជនថ្នាលរបស់ក្លិប សូមមកចុះឈ្មោះដើម្បីចូលរួមធ្វើតេស្ត ដោយភ្ជាប់មកជាមួយនូវសេចក្តីចម្លងសំបុត្រកំណើត និងសម្ភារកីឡាផ្ទាល់ខ្លួន។ នេះគឺជាឱកាសល្អសម្រាប់យុវជនចូលចិត្តលេងបាល់ទាត់ នឹងចង់សាកល្បងសមត្ថភាពរបស់ខ្លួនដើម្បីអាចក្លាយជាកីឡាករអាជីប ពេញលេញ សម្រាប់ការបង្ហាញខ្លួនជាមួយក្លិបនៃលីគកំពូលកម្ពុជា នឹងបង្កើនបទពិសោធន៍បន្ថែមទៀត។ យើងសង្កេតឃើញថាកីឡាកររបស់ក្លិប គិរីវង់សុខសែនជ័យ ភាគច្រើនជាយុវជនដែលផុសចេញពីយុវជនថ្នាលដែលកំពុងជ្រើសរើសនេះឯង ហើយនេះពិតជាឱកាសមាសសម្រាប់អ្នកដាក់ពាក្យចូលរួម ព្រោសល់ពេលត្រឹមតែ ២ថ្ងៃទៀត ប៉ុណ្ណោះ។
គួរំលឹកផងដែរថា កាលពីរដូវកាលមុន ក្លិបបាល់ទាត់ដែលមានមូលដ្ឋាននាខេត្តតាកែវនេះ បានបញ្ចប់ដោយលទ្ធផលប្រកួត ២៦លើក ឈ្នះ ១១ដង ស្មើ ១ដង នឹងចាញ់ ១៤ដង ស្ថិតនៅលេខ៩ ក្នុងចំណោម ១៤ក្រុម ស្របពេលដែលរដូវកាល ២០២០ នេះ ក្លិបមានមហិច្ឆតាខ្លាំងចង់បានលទ្ធផលល្អជាងឆ្នាំចាស់៕
អត្ថបទដោយ៖ ម៉ៃ ចាន់បុត្រ