ភ្នំពេញ៖លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងអះអាងថា គិតចាប់តាំងពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១៩ នេះ រដ្ឋាភិបាលអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ១៥០០លានដុល្លារដល់កម្ពុជាសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍នានា។
ក្នុងជំនួបជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោកអូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា បញ្ជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងអាមេរិក បាននាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ។
លោកបន្តថា “ជាក់ស្តែងចាប់តាំងពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១៩ នេះ, សហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១ ៥០០ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា ដោយផ្តោតលើវិស័យអប់រំសុខាភិបាល កសិកម្ម និង បរិស្ថាន” ។
លោកឲ្យដឹងទៀតថាសព្វថ្ងៃមានក្រុមហ៊ុនអាមេរិកជាច្រើនបានមកធ្វើការដាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីនេះ បានរួមចំណែកបង្កើតការងារ និងផ្តល់ប្រាក់ចំណូលជាច្រើន ដល់ប្រជាជនកម្ពុជា ។
ក្នុងឱកាសនោះលោក Patrick Murphy បញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តជួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈការបន្តផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់កម្មវិធីសុខភាពសាធារណៈ និងការអប់រំ, កម្មវិធីកសិកម្ម និង បរិស្ថាន, កម្មវិធីដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការផ្តល់ជំនួយបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស សំដៅរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។ ជាមួយគ្នារដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តជួយផងដែរ ដល់វិស័យឯកជននៅកម្ពុជា តាមរយៈកម្មវិធីលើកកម្ពស់អភិបាលកិច្ចនិងការបង្កើនកិច្ចសហប្រតិបត្តិការ ផ្នែកវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕