ភ្នំពេញ៖ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តនិងស្ញើចសរសើរថា ការស៊ុតបាល់ Free Kick របស់ កែវ សុខផេង ចូលទីក្រុមមីយ៉ាន់ម៉ា គឺជាការស៊ុតដ៏អស្ចារ្យបំផុត ។
ចំពោះការស៊ុតបាល់ប៉េណាល់ទីមិនចូលរបស់ កែវ សុខផេង សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត ប្រាប់ កែវ សុខផេង កុំឱ្យបាក់ទឹកចិត្តព្រោះកីឡាករលំដាប់ពិភពលោកដូចជា David Beckham ក៏ស៊ុតមិនចូលដែរពេលខ្លះ។ ហើយម្យ៉ាងទៀត កម្ពុជា បានបំបែកប្រវត្តិសាស្រ្តក្នុងការឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយសម្តេចបានកោតសរសើរចំពោះទម្រង់លេងរបស់ក្រុមកម្ពុជាផងដែរ។
សូមបញ្ជាក់ថា កម្ពុជាឈរនៅលំដាប់លេខ៨ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ក្រោយរកបានមេដាយសរុបចំនួន៤៦គ្រឿង (មាស៤ ប្រាក់៦ សំរឹទ្ធ៣៦៕



