ទឹកនៅផ្នែកខ្លះនៃទន្លេមេគង្គកំពុងប្រែជាពណ៌ខៀវ-បៃតង ដែលគម្រាមកំហែងដល់ជីវៈចម្រុះ

0

ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC បានឲ្យដឹងពីស្ថានភាពប្រែប្រួលនៃទឹកទន្លេមេគង្គថា ទឹកនៅផ្នែកខ្លះនៃទន្លេនេះ កំពុងប្រែជាពណ៌ខៀវ-បៃតង ដែលគម្រាមកំហែងដល់ជីវៈចម្រុះនៃដងទន្លេ និងជីវភាពរស់នៅរបស់ប្រជាជន។

សេចក្តីប្រកាសព័ត៌មានបន្ទាន់របស់គណៈកម្មការទន្លេមេគង្គនៅថ្ងៃទី១០ ខែធ្នូនេះ បានបញ្ជាក់ថា ទឹកទន្លេមេគង្គ ណាខន ផាន់ណុំ (Nakhon Phanom)របស់ប្រទេសថៃ និងទន្លេថាកខេក(Thakhek)របស់ប្រទេសឡាវ បានធ្វើឱ្យមានពណ៌លាយឡំគ្នាខៀវ-បៃតង ហើយបាតុភូតនេះ អាចរាលដាលដល់ផ្នែកផ្សេងទៀត នៃទន្លេមេគង្គដែលមានលំហូរទឹកទាប។

លោក សូ ណាម (So Nam)ប្រធានផ្នែកគ្រប់គ្រងបរិដ្ឋាននៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានពន្យល់ថា ការធ្លាក់ចុះយឺតៗ នៃល្បាប់ទន្លេ និងវត្តមាននៃសារាយនៅលើដីខ្សាច់ និងបាតទន្លេ គឺជាមូលហេតុដែលអាចធ្វើឱ្យទឹកទន្លេមេគង្គនាពេលថ្មីៗនេះប្រែជាពណ៌ខៀវហើយបាតុភូតទឹកពណ៌ខៀវ-បៃតងនេះ ទំនងជារីករាលដាលដល់ទន្លេមេគង្គផ្នែកខាងក្រោមបន្តទៀត។ លោក បន្តថា សារាយទាំងនេះជាធម្មតាហូរចេញពីទឹកទន្លេ ប៉ុន្តែដោយសារកម្ពស់ទឹកទន្លេទាប ទើបធ្វើឲ្យជាប់គាំងនៅលើដីខ្សាច់ និងបាតទន្លេបែបនេះ។

យោងតាមការវិភាគបឋមរបស់គណៈកម្មការទន្លេមេគង្គ ដែលបានពិនិត្យមើលមូលហេតុ និងផលប៉ះពាល់សក្តានុពលនៃបាតុភូតនេះ បានបង្ហាញថា លំហូរទាបខ្លាំងណាស់ឥឡូវនេះ កំពុងមានបទពិសោធន៍នៅក្នុងទន្លេមេគង្គ ក្នុងអំឡុងពេលគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមួយ ដែលមិនធ្លាប់មាននៅក្នុងតំបន់បានផ្លាស់ប្តូរពណ៌ទឹក ខណៈដីល្បាប់ល្អៗ ត្រូវបានរកឃើញនៅក្នុងទឹកដែលហូរយ៉ាងលឿន និងកម្រិតទឹកកាន់តែជ្រៅ ហើយធ្វើឱ្យទឹកមានពណ៌ត្នោត ដែលមិនអនុញ្ញាតឲ្យរុក្ខជាតិមីក្រូទស្សន៍ ឬសារាយដុះលើដីខ្សាច់ និងបាតទន្លេប្រែទៅជាពណ៌បៃតង។

ការវិភាគ បានព្រមានថា លក្ខខណ្ឌអាចនឹងកាន់តែអាក្រក់ ប្រសិនបើជីប្រើក្នុងវិស័យកសិកម្មហូរចូលក្នុងទន្លេ ដែលផ្តល់ការលូតលាស់ដល់សារាយ ខណៈបញ្ហានៃលំហូរទាប និងដីល្បាប់ អាចនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សក្តានុពលទឹកទន្លេដូចជា ផលត្រី ផលិតភាពរបស់ជីវៈចម្រុះ ការនេសាទត្រី និងការចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន។

ផ្អែកលើការវិភាគស្ថានភាព បច្ចុប្បន្ននៃរូបរាងពណ៌ខៀវ-បៃតងនៅទន្លេមេគង្គ អាចនឹងបន្តកើតមានរហូតដល់ទឹកហូរតាមដងទន្លេកើនឡើងនៅពេលចាប់ផ្តើមរដូវទឹកជំនន់បន្ទាប់ ដែលជាធម្មតាចាប់ផ្តើមនៅចុងខែឧសភា។ លក្ខខណ្ឌនេះ ក៏អាចធូរស្បើយផងដែរ ប្រសិនបើមានបរិមាណទឹកច្រើន ត្រូវបានបញ្ចេញចេញពីអាងស្តុកក្នុងទំនប់ទឹកខាងលើ និងទំនប់វារីអគ្គិសនី ដើម្បីប្រមូលផ្តុំដីល្បាប់ និងផ្តល់ឱ្យមេគង្គនូវពណ៌ត្នោតធម្មតា៕