គ្រូបង្វឹកក្លឹប Man City លោក Pep Guardiola បានមកបញ្ជាក់ច្បាស់ហើយថាខ្សែប្រយុទ្ធ Sergio Aguero នឹងត្រូវអវត្តមានរយៈពេលពីរបីសប្តាហ៍ បន្ទាប់ពីការខកខានការប្រកួតជ័យជម្នះ ២ទល់នឹង១ របស់ក្រុមរបស់គាត់ នៅលើទឹកដីក្រុមតោខៀវ Chelsea កាលពីចុងសប្តាហ៍ ដោយសារបញ្ហាសាច់ដុំ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃចន្ទ មុនការប្រកួតក្របខ័ណ្ឌ Champions League របស់ក្រុម Manchester City ទល់នឹងក្រុម Shakhtar Donetsk លោក Guardiola បានបញ្ជាក់ថា Aguero នឹងមិនជាសះស្បើយទាន់ពេលវេលាឡើយ សម្រាប់ការប្រកួតទល់នឹងក្រុមបិសាចក្រហម Manchester United នៅថ្ងៃទី ៧ ខែធ្នូ ហើយអាចនឹងត្រូវសម្រាករយៈពេលយូរជាងនេះទៀតផង។
គួរឲ្យដឹងដែរថា Man City នឹងត្រូវប្រឈមមុខពេលវេលាដ៏មមាញឹកបំផុត រយៈពេល៥ សប្តាហ៍ជាប់គ្នានេះ ដែលរួមមានការប្រកួតសរុបចំនួនដល់ទៅ១០ បូករួមទាំងក្នុងពេលវិស្សមកាលបុណ្យណូអែលផងដែរ៕
ប្រែសម្រួល:Lee