ភ្នំពេញ៖ ខណៈដែលកំពុងមានបញ្ហារបួសដោយត្រូវទៅព្យាបាលនៅក្នុងប្រទេស វៀតណាម ក៏ស្រាប់តែលេចឭដំណឹងមកថា តារាបាល់ទាត់ របស់ក្រសួងការពារជាតិ នឹងត្រៀមជើងចរចារដើម្បីរួមរស់ជាមួយក្លិបថ្មី ។
ឈិន ឈឿនតារាបាល់ទាត់អាយុ ២៧ឆ្នាំរូបនេះ ត្រូវបានគេទម្លាយប្រាប់ OBN Asia ឲ្យដឹងថា ឈិន ឈឿនត្រូវទៅវៀតណាម ដើម្បីព្យាបាល របួស ហើយក៏បានត្រៀមជើងមួយទៀតដើម្បីចរចាររួមរស់ជាមួយក្លិបថ្មី ។ ប្រភពបន្តទៀតថា ក្លិបថ្មីដែលឈិន ឈឿន ត្រៀមចរចារទៅរួមរស់ ជាមួយនោះ មានមូលដ្ឋាននៅខាងកើតប្រទេសតែម្តង ដែលជាក្លិបកំពុងឡើងជើង និងជាក្លិបមួយ ចាត់ទុកជាក្លិបយក្ស ក្នុងប្រទេសកម្ពុជា ផងដែរ ។
ទោះបីជាប្រភពមិនបានទម្លាយឲ្យច្បាស់ពីឈ្មោះក្លិប ប៉ុន្តែត្រូវបានមជ្ឈដ្ឋានអ្នកស្នេហាកីឡាបាល់ទាត់ បានលើកឡើងថា ក្លិបដែលស្ថិតនៅខាងកើត ប្រទេសមានតែក្លិប ព្រះខ័ន្តរាជស្វាយរៀង ប៉ុណ្ណោះ ដែលស្ថិតនៅខាងកើតប្រទេស ។
ទោះជាយ៉ាងណានៅព្រឹកនេះ ខាងស្ថាប័នយើងមិនទាន់អាចសុំការបញ្ជាក់ពីសាមីខ្លួនបាននៅឡើយ ពាក់ព័ន្ធនឹងដំណឹងរសើប នៃការផ្លាស់ប្តូរក្លិបនេះ ៕