ក្លិបអាស៊ីអឺរ៉ុប ទិញកីឡាករ​ចំណូលថ្មី៣នាក់ មានសញ្ជាតិកាម៉េរ៉ូ និងជប៉ុន

0

ភ្នំពេញ៖ ដើម្បីបំពេញនូវចំណុចខ្វះខាត ក្នុងតំបន់លេងមួយចំនួន ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត បានសម្រេចចិត្តទិញកីឡាករចំណូលថ្មីពីរ រូប ជាជនជាតិកាម៉េរូន និងម្នាក់ទៀតជាជនជាតិជប៉ុន។

គ្រូបង្វឹកក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត លោក សុក វាសនា បានលើកឡើងថាការទិញកីឡាករ៣ខាងលើ ដើម្បីជួយក្រុមក្នុងជើងទី២ Metfone Cambodian League 2019 ក្រោយការចាកចេញរបស់ Tomohiro Masaki, Jokic Joshua និង Ajayi Opeyene Korede ។

បើយោងតាមបទសម្ភាសន៍ជាមួយ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា លោកបានថ្លែងថា«និយាយទៅយើងនាំកីឡាករថ្មីមក៣នាក់ ដើម្បីជំនួស Tomohiro និង Ajayi ដែលប្ដូរទៅក្លិបផ្សេងក្នុងលីគយើង និង Jokic ដែលចាកចេញដោយសារបញ្ហាផ្ទាល់ខ្លួន។ មានកីឡាករកាម៉េរូន២នាក់លេងនៅតំណែងបម្រើកណ្ដាល និងបម្រើស្លាប។ Julien William អាយុ២៣ឆ្នាំ ធ្លាប់លេងនៅលីគភូមា ហើយ Ndoumene Yannick Francois អាយុ២៥ឆ្នាំ មកពីក្លិបកាម៉េរូន Authentic FC ហើយធ្លាប់ធ្វើតេស្តនៅក្លិបអឺរ៉ុបជាច្រើន។ ចំណែកកីឡាករជប៉ុនម្នាក់ទៀត មកជំនួសតំណែងការពាររបស់ Tomo គាត់ឈ្មោះ Tsutomu Hasegawa លេងនៅ Lao Toyota ដែលធ្លាប់មកធ្វើតេស្តជាមួយយើងម្ដងរួចមកហើយ»។

គ្រូបង្វឹកខាងលើ បានបន្តថា កីឡាករចំណូលថ្មីទាំង៣ នឹងអាចជួយបំពេញចំនុចខ្វះខាតក្រុម ដូចកីឡាករដែលបានចាកចេញទាំង៣រូបធ្លាប់ធ្វើ។ បែបណាក្ដី លោកបានលើកឡើងពីក្ដីបារម្ភមួយចំនួន ពិសេសភាពស៊ីចង្វាក់គ្នាក្នុងការលេង ព្រោះក្រុមបានផ្លាស់ប្ដូរកីឡាករជម្រើសដំបូង ស្ទើរពាក់កណ្ដាលក្រុមទៅហើយ។

គួរដឹងដែរថា ក្រោយបញ្ចប់ជុំទី១ នៃពានរង្វាន់ Metfone Cambodian League 2019 អាស៊ីអឺរ៉ុបយូណាយធីតនៅលើចំណាត់ថ្នាក់លេខ៩ មាន១៦ពិន្ទុ ៕