ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ បានព្យាករណ៍ថា កម្ពុជាបានកំពុងនិង ទទួលនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ធ្វើឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន នៅទូទាំងប្រទេស ក្នុងនោះក៏នឹងមានខ្យល់ខ្លាំង លើផ្ទៃសមុទ្រ និងបង្កឲ្យមានរលកជាខ្លាំង ឥទ្ធិពលនេះ អូសបន្លាយលើភាគខាងជើង ក្នុងទឹកដីប្រទេសថៃ , ឡាវ និងវៀតណាម ដោយភ្ជាប់នឹងវិសម្ពាធ (TD) ដែលទើបនឹងកើតឡើង នៅខាងកើតកោះហៃណាំ ។
ការព្យាករណ៍ដដែលបានឲ្យដឹងបន្ថែមថាខ្យល់មូសុងនិរតីខ្លាំង និងឥទ្ធិពលហ្វឺន (Foehn) ដែលមានល្បឿនពី 7-10m/s ទៅភាគខាងក្រោម ប្រទេសលក្ខណៈបែបនេះ ធ្វើឲ្យទឹកទន្លេមេគង្គនឹងងើបឡើងបន្តិច ហើយខេត្តនៅតំបន់មាត់សមុទ្រ មានកោះកុង , ព្រះសីហនុ នឹងមានភ្លៀងធ្លាក់រាយប៉ាយ ជាបន្តបន្ទាប់ ក្នុងកម្រិតពីបង្គួរទៅច្រើន ឯខ្យល់លើផ្ទៃសមុទ្រ និងរលកមានកម្រិតខ្លាំង ។ចំពោះបណ្តាខេត្ត នៅតំបន់ខ្ពង់រាប ភាគខាងជើងប៉ែកឦសាន និងជាប់វៀតណាម ភ្លៀងនឹងមានកម្រិតពីបង្គួរទៅច្រើន ហើយខេត្តនៅតំបន់ទំនាបកណ្តាល និងពាយ័ព្យនឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។ ក្នុងនោះដែរ បណ្ដាខេត្តមាន កំពង់ស្ពឺ , កណ្តាល, តាកែវ , កំពត និងរាជធានីភ្នំពេញ អាចមានភ្លៀងពីតិចទៅមធ្យម ដោយសារឥទ្ធិពលហ្វឺននៅបន្តមាន ។
ក្រសួងបញ្ជាក់ថាថា បាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នឹងបន្តកើតមាន និងរលកសមុទ្រខ្លាំង អាស្រ័យ ហេតុនេះ សូមសាធារណៈជន បន្តមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនូវបណ្តាបាតុភូតអវិជ្ជមាន ដែលកើតមានឡើងជាយថាហេតុ ៕