Gareth Southgate គ្រូបង្វឹកតោបីអង់គ្លេស បានធ្វើការច្រានចោលផ្លាស់ទៅគ្រប់គ្រងតំណែងនៅតោខៀវ Chelsea ជំនួសតំណែង Maurizio Sarri ដែលកំពុងលេចលឺថាចាកចេញពីអង់គ្លេសទៅកាន់ Juventus ដែលជាម្ចាស់ពានលីកកំពូល Serie A ។
ប្រភពព័ត៌មានបានចុះបន្តថា Sarri នឹងចុះកុងត្រារយៈពេល ៣ឆ្នាំជាមួយក្លិបសេះបង្កង់ Juventus ជំនួសតំណែងលោក Massimiliano Allegri ។
ជាមួយព័ត៌មាននេះដែរក៏ស្រាប់តែបន្តចចាមអារ៉ាមថា លោក Gareth Southgate នឹងទៅកាន់តំណែងនៅតោខៀវ ប៉ុន្តែក៏សាមីខ្លួនធ្វើការច្រានចោល។
Southgate បានកុងត្រាជាមួយតោបីអង់គ្លេសរហូតដល់ឆ្នាំ ២០២២ ក្រោយជួយឲ្យអង់គ្លេសឡើងទៅកាន់ 2018 World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
គ្រូបង្វឹកអាយុ ៤៨ឆ្នាំរូបនេះ បានលើកឡើងថាគាត់មិនចាប់អារម្មណ៍ចូលរួមដឹកនាំក្លិបណាមួយ ក្រោយពីលោកបានដឹកនាំក្រុម Middlesbrough នៅឆ្នាំ ២០០៩ ។
លោកថា ខ្ញុំបានសម្រេចចិត្តហើយនៅដឹកនាំក្រុមជម្រើសជាតិអង់គ្លេស ហើយគ្មានផ្លូវនោះទេដែលខ្ញុំចាកចេញពីទីនេះ ។លោកបន្តថា នៅក្នុងផ្នត់ គំនិតលោកនៅពេលនេះ អ្វីដែលលោកត្រូវការគឺ European Championship នៅរដូវកាលក្រោយ ហើយខ្ញុំនឹងព្យាយាមធ្វើឲ្យក្រុមនេះកាន់តែ ប្រសើរដើម្បីប្រទេសអង់គ្លេស។