ភ្នំពេញ ៖ ជាមួយទម្រង់លេងជក់ចិត្ត ១២០នាទីពេញ រវាងកម្ពុជាជាម្ចាស់ផ្ទះ និង U22 របស់ថៃ បានបង្កើតប្រវត្តិសាស្ត្រថ្មីមិនធ្លាប់មាន ក្នុងក្រសែភ្នែកមហាជន ដោយធ្វើបានល្អទាំងទម្រង់ការពារ បម្រើ និងប្រយុទ្ធ ដែលជាផ្លែផ្កាមួយយ៉ាងសំខាន់ត្រៀមខ្លួនសម្រាប់ ការប្រកួត ឆ្នាំ ២០២៣ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ប៉ុន្តែកុំមានចរិកតួឯក ។
បើនិយាយពីលទ្ធផល 4-5 កាត់សេចក្តីដោយបាល់១១ម៉ែត្រ និយាយទៅថាសោកស្តាយគឺស្តាយហើយ នៅលើវាលស្មៅនៃការប្រកួតបាល់ទាត់ គឺអ៊ីចឹងឯង មានចាញ់មានឈ្នះ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នឹងសរសើរ គឺទម្រង់លេងប្រែប្រួល ល្អឥតខ្ចោះក្រោមការដឹកនាំរបស់លោក Felix Damas ដែលជាគ្រូបង្គោលក្នុងការដឹកនាំលេងនារាត្រីយប់មិញ ។
ចំណុចខ្លាំងកម្ពុជា ផ្នែកការពារក៏រឹងមាំ បម្រើល្អ នឹងប្រយុទ្ធមានគុណភាពល្អ តែមិនទាន់ឥតខ្ចោះ ប៉ុន្តែអ្វីគួរនិយាយនៅនីនេះ គឺ U22 កម្ពុជា បានក្លាយ ជាចង្កឹះមួយបាច់ដោយកាច់មិនបាក់ក្រោមក្រសែភ្នែក ទស្សនិកជន នឹងបានឆក់យកទឹកចិត្តប្រជាជនដែលជាអ្នកទស្សនា រាប់ម៉ឺននាក់ ដោយលើកឡើងថា ៖ តាំងពីកើតពោះម៉ែមក មិនដែលឃើញជម្រើសជាតិកម្ពុជាលេងល្អយ៉ាងដូច្នោះទេ ! និងទស្សនៈអ្នកខ្លះទៀតថា កម្ពុជា ប្រកួត ជាមួយថៃ យប់មិញល្អមើលជាង Man Utd ជាង Liverpool ទៀត ។
ចាញ់មិនថ្វី កម្ពុជា នៅសល់មួយប្រកួតទៀត ជាមួយវៀតណាមដណ្តើមលេខ ៣-៤ ដោយអ្វីដែលផ្តោតនៅទីនេះគឺគុណភាពកីឡាករ ដែលជាធនធានយ៉ាងសំខាន់ ត្រៀមឆ្នាំ ២០២៣ ។
ជាមួយការសាទរសរសើរនេះ ក៏មានទស្សនៈលើកឡើងថា ល្អគឺល្អហើយ អ្វីដែលត្រូវបន្តគឺប្អូន U22 ត្រូវបន្តហាត់ឲ្យខ្លាំងក្លា ព្រោះថាភាគច្រើន ឃើញមានបញ្ហាសរសៃកំភួនជើងធ្វើទុកដែលគេហៅថារមួលក្រពើ ហើយត្រូវហ្វឹកហាត់ឲ្យដល់គោលដៅ អភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករ ឆ្នើម អាចមានឱកាសលេងនៅលើពិភពលោក ដើម្បីខ្លួនឯង និងសង្គមជាតិទាំងមូល កុំមានចរិកតួឯកនិយម ព្រោះថាកីឡាករមិនមែន តារាសម្តែង ចង់យំ ៗ ចង់សើចៗ នោះទេ ៕
ប្រភពរូបភាព៖ Virak Chey
ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់បី១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕