Real លក់ Bale ១០៤លានផោន​ ក្លិប Man Utd ទទួលដៃពីរ ខណៈតោខៀវកំពុងប្រជែងដូចគ្នា

0

ប្រភពព័ត៌មានចុងក្រោយបានរាយការណ៍ថា កីឡាករ Bale បានត្រៀមខ្លួនរួចរាល់ហើយ ផ្លាស់ទៅកាន់ទឹកដី Old Traford បើទោះបី​ជាក្លិបតោខៀវ ចង់បានក៏ដោយ ។​
គេហទំព័រទំព័រ caughtoffside បានបន្តថា ខ្សែប្រយុទ្ធ​សញ្ជាតិវែលរូបនេះបានត្រៀមខ្លួនចាកចេញពីទឹកដី Real Madrid នៅរដូវកាលក្តៅនេះ បន្ទាប់ពីមានការលំបាកក្នុងប្រព័ន្ធលេងនៅក្នុងប្រទេសអេស្ប៉ាញ នឹងផ្លាស់មកកាន់ទឹកដីអង់គ្លេសត្រៀមខ្លួនទទួលនូវ​តំណែងប្រយុទ្ធដ៏សាកសមនោះ ។
ក្រៅពីក្លិបពីរខាងលើ ក្លិប Spurs ក៏ចង់បានអតីតកីឡាកររបស់ខ្លួនមកវិញដែរ ខណៈដែល ហង្សក្រហមបានបង្ហាញការចាប់អារម្មណ៍ផងដែរ កាលពីប៉ុន្មានខែមុន។
ដោយឡែកគេហទំព័រ Diario Gol បានចុះផ្សាយថា កីឡាករ​អាយុ២៩ឆ្នាំនេះចង់មកកាន់ទឹកដី Old Traford ជាមួយការផ្តល់ជូននូវអ្វីជាច្រើនទៀត ។ Man Utd ចង់បាន Bale ក្នុងហេតុផល ជំនួសតំណែង Alex Sanchez ដែលកំពុងធ្លាក់នូវទម្រង់លេង​ ស្របពេលដែលតោខៀវ កំពុងដេញថ្លៃ យ៉ាងប្រញាប់ប្រញាល់នោះ។
របាយការណ៍ថ្មីៗជាច្រើនបានលើកឡើងថា Real បានអនុញ្ញាតិឲ្យកីឡាករ​វែលរូបនេះ​ចាកចេញ បើសិនជាពួកគេ​ទទួលបាន ១០៤លានផោន ។​
ចំនួនទឹកប្រាក់នេះច្រើន ស្របពេលដែល Bale ធ្លាក់ចុះនូវកាយសម្បទា និងទម្រង់លេង ហើយការវិលទៅកាន់ទឹកដី​អង់គ្លេស កីឡាកររូបនេះ សង្ឈឹមថា អាចនឹងស្តារនូវទម្រង់លេង​របស់ខ្លួនខ្លាំងក្លាឡើងវិញ ៕