បង្ក្រាប​ទីតាំងពេស្សាចាររបស់ជនជាតិចិន​៣កន្លែងនៅក្រុងព្រះសីហនុ

0

ភ្នំពេញ៖ ទីតាំង​អាជីវកម្ម៣កន្លែងរបស់ជនជាតិចិន ដែលប្រកបរបររកស៊ីពេស្សាចារ ពោលគឺ​កន្លែងបម្រើ​សេវាកម្មផ្លូវភេទ ៣កន្លែងដែលមានម្ចាស់ ជាថៅកែចិន ត្រូវបានសមត្ថកិច្ចក្រុងព្រះសីហនុធ្វើការបង្ក្រាប កាលពីយប់រំលង អាធ្រាតឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភ្នំខៀវ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ ក្រុងព្រះសីហនុ ។

ក្នុងបេសកកម្មចុះបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣៨នាក់ក្នុងនោះមានជនជាតិចិនចំនួន២៣នាក់(បុរសចំនួន១១នាក់) និងស្ត្រីជនជាតិថៃចំនួន១៥នាក់។

មន្ត្រីនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអោយដឹងថា ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និង កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ០២ រួមជាមួយកម្លាំងអន្តរាគមន៍ បានធ្វើការឆ្មក់ចូលទីតាំងជួញដូរផ្លូវភេទចំនួន០៣ទីតាំង ដែលជារបស់ជនជាតិចិន ដោយឃាត់ខ្លួនបានជនសង្សយ័ចំនួន៣៨នាក់ ក្នុងនោះមាននបុរសចំនួន១១នាក់ និងបានរកឃើញវត្ថុតាងមួយចំនួនដែលបានបំរើអោយបទល្មើសខាងលើ ក្នុងនោះមានស្រោមអនាម័យប្រើប្រាស់រួចហើយ និង ស្រោមអនាមយ័មិនទាន់ប្រើជាច្រើនផងដែរ។
បើតាមនគរបាលបញ្ជាក់ថា ចំពោះមេក្លោងក្នុងបទល្មើសជួញដូរផ្លូវភេទនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និង កំណត់មុខសញ្ញា ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត បើទោះជាបុរសជនជាតិចិនដែលនគរបាលបានឃាត់ខ្លួនទាំង១១នាក់នោះ ពុំទាន់ឆ្លើយសារភាពយ៉ាងណាក្តី៕