ភ្នំពេញ៖ នាយក្តី មកទល់នឹងពេលនេះ បានក្លាយជាកីឡាករ U20 របស់ក្លិបភ្នំពេញក្រោយជាផ្លូវការ ហើយកំពុងហ្វឹកហាត់ និងប្តូរយកបទពិសោធន៍ ជាមួយកីឡាករ U18 ភ្នំពេញក្រោន នាថ្ងៃម្សិលមិញ ដោយបានយកឈ្នះក្នុងលទ្ធផល 6-0 ដែលជាលទ្ធផលមួយដ៏ប្រសើរ ។
បើតាមការឲ្យដឹងពីនាយក្តី បានបញ្ជាក់ថា ម្សិលមិញនេះក្រុម U20 របស់ភ្នំពេញក្រោន ដែលក្នុងនោះមានរូបគេជាអ្នកការពារផងដែរនោះ បានផ្លាស់ប្តូរពិសោធន៍ ជាមួយក្រុម U18 B របស់ភ្នំពេញក្រោន ដោយលទ្ធផលផ្លែផ្កា 6-0 ។
ឈុន សុវណ្ណភក្តី ហៅនាយក្តី បានបញ្ជាក់ពីមូលហេតុដែលរូបគេបានចាប់អាជីពបាល់ទាត់ បន្ថែមលើការងារសិល្បៈបច្ចុប្បន្នថា «ក្នុងជីវិតរបស់ខ្ញុំ មានរឿងពីរត្រូវធ្វើ ទី១ គឺសិល្បៈ ហើយទី២ គឺកីឡា ខ្ញុំបានធ្វើរឿងក្នុងពិភពសិល្បៈហើយ ប៉ុន្តែនៅឡើយតែរឿងក្នុងពិភពបាល់ទាត់ ដែលខ្ញុំមិនទាន់បានបំពេញក្តីស្រមៃ អ៊ីចឹងហើយ ទើបខ្ញុំងាកមកចាប់អាជីពនេះ ជាមួយក្លិបភ្នំពេញក្រោន ដោយលេងជាខ្សែការពារ ជាមួយក្រុម U20» ។
តារាចម្រៀង និងសម្តែងរូបនេះបានបញ្ជាក់ថា សម្រាប់រូបខ្ញុំ ក្នុងពិភពបាល់ទាត់ ដែលជានិម្មិតរូបរបស់ខ្ញុំ ត្រូវលេងតាមនោះគឺ Macelo ដែលជាខ្សែការពារ ដ៏រឹងមាំ របស់ក្លិបអធិរាជស Real Madrid ។ អ៊ីចឹងហើយ ខ្ញុំត្រូវតែហ្វឹកហាត់ឲ្យខានតែបាន ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ក្នុងថ្នាលនៃវិថីបាល់ទាត់នេះ ៕


