ក្រុមជម្រើសជាតិកម្ពុជាបានទទួលភ្ញៀវម៉ាឡេស៊ី កាលពីរាត្រីថ្ងៃទី១០ ខែកញ្ញា ដោយចាញ់ភ្ញៀវក្នុងលទ្ធផល 1-3 ប៉ុន្តែអ្វីដែលគេមើលឃើញនោះ គឺថាមានទម្រង់លេងថ្មី ដូចការលើកឡើងរបស់ហុងដា ពិតប្រាកដមែន ហើយអ្វីដែលគួរកត់សម្គាល់នោះគឺបញ្ហាកំលាំង ។
ថ្លែងក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត អ្នកចាត់ការទូទៅថ្មីរបស់កម្ពុជា និងជាកីឡាករអាជីពកំពុងលេងនៅទឹកដីអូស្ត្រាលី នោះ បានលើកឡើងថា ខ្ញុំពេញចិត្តបរិយាកាសបែបនេះក្នុងនាមខ្ញុំជា អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ពិតជាចូលចិត្តកីឡាករទាំងអស់ តែអ្វីដែលចូលចិត្តជាងគេគឺកីឡាករទាំងអស់ចង់ជោគជ័យក្នុងអាជីពរបស់គាត់ ។
លោក ហុងដា បានបន្តថា ហើយខ្ញុំក៏ចង់គាំទ្រពួកគាត់ឲ្យជោគជ័យក្នុងអាជីពដូចគ្នា ថ្ងៃនេះយើងបានចាញ់ តែបើយើងទាំងអស់គ្នាមើល ៣០នាទីដំបូង ពិតជាអស្ចារ្យក្នុងការលេង ហើយកីឡាករទាំងអស់បានធ្វើតាមទស្សនៈរបស់ខ្ញុំដូចគ្នា ក្រោយបង្ហាត់បាន ១អាទិត្យ នោះជាអ្វីដែលខ្ញុំចង់បានដូចគ្នា។
លោក Honda ថាប្រាកដណាស់បញ្ហានោះគឺកំលាំង តែខ្ញុំគិតថាគ្មាននរណារត់៩០នាទីល្អឥតខ្ចោះក្នុងការប្រកួតនោះទេ ខ្ញុំមិនដែលធ្លាប់ជួបក្នុងអាជីពរបស់ខ្ញុំ ទោះបីជាកម្រិតខ្ពស់ដូច កីឡាករប្រេស៊ីលយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើបែបនេះបាន ។ លោកបន្ថែមថា អ្វីដែលយើងត្រូវគិតនោះគឺយើងត្រូវរកវិធីលេងបានល្អ នៅពេលដែលហត់នឿយ ហើយនឹងព្យាយាមដោះស្រាយបញ្ហានេះ៕
ប្រភពរូបភាព៖ សហព័ន្ធបាល់ទាត់កម្ពុជា