ក្រុមអធិរាជស យកបានខ្សែបម្រើវ័យក្មេងរបស់ River Plate

0

ដើម្បីទទួលបានហត្ថលេខារបស់ Mastantuono ក្រុម Real Madrid បានបង់ប្រាក់តាមតម្លៃលក្ខខណ្ឌផ្តាច់កុងត្រារបស់គាត់ ដែលត្រូវបានគេដឹងថាប្រមាណ ៤៥លានអឺរ៉ូទៅកាន់ក្លឹប River Plate។ តួលេខនេះបានក្លាយជាតម្លៃនៃការផ្ទេរចេញដ៏ច្រើនលើសលប់សម្រាប់ក្លឹបអាហ្សង់ទីន លើសពីតម្លៃ ៤៤លានអឺរ៉ូដែលពួកគេទទួលបានពីការលក់កីឡាករ Enzo Fernandez នៅពេលទៅកាន់ Benfica ក្នុងឆ្នាំ២០២២។ គាត់បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៦ឆ្នាំជាមួយក្លឹបអធិរាជស ដែលនឹងរក្សាគាត់នៅក្លឹបរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០៣១។

ក្លឹប PSG ក៏កំពុងប្រជែងគ្នាចង់បានហត្ថលេខារបស់គាត់ដែរ ប៉ុន្តែ Madrid តែងតែត្រូវបានចាត់ទុកថាជាអ្នកនាំមុខគេ ដោយសារតែចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់កីឡាករ។ ប្រភពជិតស្និទ្ធនឹងការចរចាបានបង្ហើបថា Mastantuono បានពេញចិត្តនឹងការផ្លាស់ប្តូរទៅកាន់ប្រទេសអេស្ប៉ាញជាជាងការផ្ទេរទៅកាន់បារាំង ជាមួយនឹងចក្ខុវិស័យយ៉ាងមុតមាំលើការពាក់អាវពណ៌សរបស់ Real Madrid ប្រសិនបើការផ្លាស់ប្តូរចេញពីប្រទេសអាហ្សង់ទីនកើតឡើង។

កីឡាករ Mastantuono បានលេងអោយក្រុមឈុតធំរបស់ River Plate ក្នុងខែមករា ឆ្នាំ២០២៤ ដោយបានបង្ហាញខ្លួនជាលើកដំបូងនៅអាយុ ១៦ឆ្នាំ។ ព្រឹត្តិការណ៍ដ៏សំខាន់នោះបានធ្វើឱ្យគាត់ក្លាយជាកីឡាករវ័យក្មេងបំផុតទីបីនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប។ ចាប់តាំងពីពេលនោះមក គាត់បានបង្ហាញខ្លួនចំនួន ៦១ដង ដោយស៊ុតបញ្ចូលទីបាន ១០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧លើក ដែលធ្វើអោយមានការកត់សម្គាល់សម្រាប់កីឡាករដែលមានវ័យជំទង់ដូចគាត់។

កីឡាករ Mastantuono ក្លាយជាកីឡាករទី 3 របស់ Madrid នៃទីផ្សារដោះដូរកីឡាកររដូវក្តៅ។ គាត់ដើរតាមខ្សែការពារស្តាំសញញជាតិអង់គ្លេស Trent Alexander-Arnold ដែលបានចូលរួមពីក្លឹប Liverpool និងខ្សែការពារអេស្ប៉ាញ Dean Huijsen ទិញពីក្លឹប Bournemouth ។ ការបន្ថែមទាំងបីត្រូវបានគេមើលឃើញថាជាផ្នែកនៃយុទ្ធសាស្រ្តរយៈពេលវែងក្នុងការកែលម្អ និងពង្រឹងក្រុម Madrid ដែលបានធ្លាក់ចុះទាំងនៅក្នុងប្រទេសអេស្ប៉ាញ និងអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រ Madrid នឹងត្រូវរង់ចាំយូរបន្តិច ដើម្បីមើលតារាថ្មីរបស់ពួកគេនៅក្នុងការប្រកួត ខណៈដែលគាត់នឹងមានវត្តមានចាប់ពីថ្ងៃទី១៤ ខែសីហាប៉ុណ្ណោះ៕