ក្លឹប Frankfurt ត្រូវបានគេរាយការណ៍ថាបានដាក់តម្លៃ ១០០លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធ បើទោះបីជាមានការរំពឹងទុកថាក្លឹប Chelsea ត្រៀមផ្តល់ជូនតម្លៃ ៨០លានអឺរ៉ូ។ ឥឡូវនេះ សមាជិកក្រុមប្រឹក្សាភិបាល Krosche បានប្រកាសថា ប្រសិនបើ «តម្លៃមិនស័ក្តិសម» កីឡាករសញ្ជាតិបារាំងនឹងបន្តស្នាក់នៅក្រុមសម្រាប់រដូវកាលក្រោយទៀត។
គាត់បានប្រាប់ Wiesbadener Kurier ថា «ប្រសិនបើតម្លៃមិនត្រឹមត្រូវនោះគាត់នឹងនៅជាមួយយើង។ យើងមិនចាំបាច់លក់ Hugo ទេ»។
កីឡាករ Ekitike ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Chelsea, Arsenal និង Liverpool បន្ទាប់ពីគាត់បានស៊ុតបញ្ចូលទី ២២គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ១២ដង ក្នុងការបង្ហាញខ្លួន ៤៨ដងនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុមអាល្លឺម៉ង់នៅរដូវកាលនេះ។ បន្ទាប់ពីបាត់បង់ខ្សែប្រយុទ្ធ Omar Marmoush ទៅ Manchester City ក្នុងខែមករា ក្រុមអាឡឺម៉ង់កំពុងទាមទារថ្លៃដ៏ច្រើនមួយ ដែលជាវិធីទប់ទល់នឹងការចាប់អារម្មណ៍នៅ Premier League ។
កីឡាករវ័យ ២២ឆ្នាំដែលទើបតែបានចូលរួមជាមួយ Frankfurt ពីក្លឹប Paris Saint-Germain កាលពីរដូវក្តៅមុន នៅតែមានកុងត្រារយៈពេល ៤ឆ្នាំទៀត។ ដូច្នេះហើយការទាក់ទាញខ្សែប្រយុទ្ធរូបនេះចេញពីក្លឹប Bundesliga នឹងមិនងាយស្រួលនោះទេ៕