យោងតាមការចេញផ្សាយរបស់ SportItalia បានអោយដឹងថាខ្សែបម្រើស្លាបរូបនេះបានក្លាយជាប្រធានបទនៃការចាប់អារម្មណ៍របស់ម្ចាស់ជើងឯក Serie A ដោយលោក Antonio Conte កំពុងសម្លឹងមើលការបន្ថែមលើខ្សែបម្រើស្លាបថ្មីពីរនាក់នៅមុនរដូវកាលក្រោយ។
កីឡាករ Chiesa ដែលបានផ្ទេរពី Juventus ទៅ Liverpool នៅរដូវក្តៅឆ្នាំ២០២៤ ហើយបានលេងត្រឹមតែ ១០៤នាទីក្នុង Premier League ក្នុងរដូវកាលដែលពោរពេញទៅដោយបញ្ហារបួស។ កីឡាករ Chiesa ចង់ចាកចេញពី Liverpool ដើម្បីស្វែងរកពេលវេលាបន្ថែមទៀត ហើយមានជម្រើសក្នុងការផ្ទេរទៅកាន់ Real Betis និង AC Milan។ ទន្ទឹមនឹងនេះដែរ Napoli កំពុងស្វែងរកខ្សែបម្រើស្លាប បន្ទាប់ពីកីឡាករ Cyril Ngonge អាចត្រូវបានលក់ ហើយកីឡាករ Noah Okafor បានត្រលប់ទៅក្លឹបដើម Milan វិញ នៅពេលបញ្ចប់កិច្ចសន្យាខ្ចីជើង។
ក្លឹប Napoli បានបញ្ចប់ការចុះហត្ថលេខាលើ Kevin De Bruyne លើការផ្ទេរដោយឥតគិតថ្លៃ។ ពួកគេក៏កំពុងចរចាជាមួយ Milan សម្រាប់កីឡាករ Yunus Musah។
កីឡាករ Chiesa មានរដូវកាលដ៏ក្រៀមក្រំនៅ Liverpool ទោះបីជាក្លឹបលើកពាន Premier League ក៏ដោយ។ កីឡាករវ័យ ២៧ឆ្នាំដែលធ្លាប់ជាកីឡាករសំខាន់នៅក្លឹប Juventus និងក្រុមជម្រើសជាតិអ៊ីតាលីនឹងសង្ឃឹមថាការផ្លាស់ប្តូរមួយអាចជួយកែលម្អឱកាសរបស់គាត់ក្នុងការលេងឱ្យជម្រើសជាតិអ៊ីតាលីក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦៕