លោក Ferguson បានចូលនិវត្តន៍ពីដឹកនាំក្រុមបាល់ទាត់ក្នុងឆ្នាំ ២០១៣ ដោយបានបញ្ចប់អាជីពជាគ្រូបង្វឹករយៈពេល ៣៩ឆ្នាំរបស់ខ្លួនជាមួយនឹងការឈ្នះពានរង្វាន់សរុបចំនួន ៥០ ។ បុរសសញ្ជាតិស្កុតឡេន ពេលនេះនឹងត្រលប់ទៅរកការឈរក្នុងតំបន់គ្រូបង្វឹកវិញនៅចុងសប្តាហ៍នេះ នៅ Florence សម្រាប់ការប្រកួតលាគ្នារបស់ Rossi ។
នេះបើយោងតាមការបញ្ជាក់របស់ Rossi បានអោយដឹងថាលោក Ferguson នឹងចូលកាន់តំណែងជាគ្រូបង្វឹកម្តងទៀត។ តួនាទីនេះនឹងត្រូវធ្វើឡើងសម្រាប់ក្រុមមួយក្នុងចំណោមក្រុមនៅក្នុងការប្រកួតលាគ្នារបស់អតីតខ្សែប្រយុទ្ធ Manchester United នៅកីឡដ្ឋាន Stadio Artemio Franchi ដែលជាទឹកដីរបស់ក្លឹប Fiorentina ។ Rossi បានចំណាយពេល ៣ឆ្នាំនៅ Old Trafford ក្នុងអាជីពរបស់គាត់មុនពេលផ្លាស់ទៅក្លឹប Villarreal ខណៈពេលដែលគាត់បានចូលនិវត្តន៍នៅឆ្នាំ២០២៣ បន្ទាប់ពីលេងឱ្យក្លឹបមួយចំនួននៅ Serie A ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Rossi បាននិយាយថា៖ «លោក Ferguson នឹងនៅទីនោះក្នុងនាមជាគ្រូបង្វឹក។ គាត់គឺជាគ្រូបង្វឹកដំបូងរបស់ខ្ញុំ ខ្ញុំបានចុះហត្ថលេខានៅពេលខ្ញុំមានអាយុ ១៧ឆ្នាំ»។
«ខ្ញុំបាននៅជាមួយគាត់ ៣ឆ្នាំ ហើយលេងតិចតួច ប៉ុន្តែគាត់និយាយភ្លាមៗ ហើយនេះបង្ហាញថាគាត់ជាមនុស្សបែបណា។ ខ្ញុំលេងបានតិចនៅ Man Utd ប៉ុន្តែគាត់ចាត់ទុកខ្ញុំដូចជា Cristiano Ronaldo ដែលស៊ុតបញ្ចូលទីបាន ១០០០គ្រាប់»។
ការប្រកួតលាគ្នារបស់ Rossi នឹងត្រូវបានលេងនៅថ្ងៃទី២២ ខែមីនា។ លោក Ferguson នឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមវីរៈបុរសជាច្រើន ដែលមានវត្តមានដូចជា Luca Toni, Antonio Cassano, Sebastien Frey និង Gabriel Batistuta ចូលលេងផងដែរ៕