កីឡាករ Chiesa នៅតែមិនទាន់អាចបង្ហាញខ្លួនឲ្យហង្សក្រហម

0

យោងតាមការចេញផ្សាយរបស់ James Pearce បានបង្ហាញឱ្យដឹងថាកីឡាករ Federico Chiesa បានអវត្តមានពីការហ្វឹកហាត់របស់ក្រុម Liverpool មុនពេលការប្រកួត Champions League ជាមួយក្រុម Girona ដោយសារតែជំងឺ។

កីឡាករសញ្ជាតិអ៊ីតាលីបាននឹងកំពុងពង្រឹងកាយសម្បទារបស់គាត់មុនពេលដែលគាត់ត្រលប់ទៅលេងជម្រើសដំបូងវិញ។

ទោះជាយ៉ាងណាក៏ដោយ Chiesa បានអវត្តមានម្តងទៀតពីការហ្វឹកហាត់របស់ក្រុមឈុតធំកាលពីថ្ងៃចន្ទដោយពេលនេះលោក Pearce បានបង្ហាញថាការអវត្តមានរបស់គាត់គឺដោយសារតែជំងឺ៖ «គ្មាន Federico Chiesa ក្នុងការហ្វឹកហាត់ Liverpool ថ្ងៃនេះដោយសារជំងឺ»។

អតីតខ្សែបម្រើស្លាបរបស់ក្រុម Juventus បានស៊ូទ្រាំនឹងអាជីពដ៏ខកចិត្តនៅ Anfield រហូតមកដល់ពេលនេះ ដោយបានបង្ហាញខ្លួនក្នុងក្រុមដំបូងចំនួនតែ ៣ដងចាប់តាំងពីការមកដល់ក្នុងតម្លៃខ្លួន ១២.៥លានផោនកាលពីខែសីហា។

ក្នុងអំឡុងពេលអវត្តមានដ៏យូររបស់គាត់ Chiesa ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញក្នុងខែមករាពីក្លឹប Liverpool ប៉ុន្តែលោក Arne Slot បានបដិសេធនៅព័ត៌មានចចាមអារ៉ាមដែលថាកីឡាករវ័យ ២៧ឆ្នាំរូបនេះអាចត្រូវបានចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនៅដើមឆ្នាំ ២០២៥ ។

កីឡាករវ័យ ២៧ឆ្នាំរូបនេះបានលេងសរុបត្រឹមតែ ៧៨នាទីប៉ុណ្ណោះចាប់តាំងពីចូលរួមពីក្លឹប Juventus ដោយបានជួយក្រុមក្នុងការប្រកួតដែល Liverpool ឈ្នះ ៥-១ នៅពាន Carabao Cup លើក្រុម West Ham កាលពីខែកញ្ញា។

កីឡាករសញ្ជាតិអ៊ីតាលីត្រូវបានបង្ខំឱ្យហ្វឹកហាត់តែម្នាក់ឯងនៅ Juventus មុនពេលចុះកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយ Liverpool ហើយការខ្វះខាតការហ្វឹកហាត់មុនបើករដូវកាលហាក់ដូចជាធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់គាត់។

រយៈពេល ៤ដូវកាលរបស់កីឡាករ Chiesa នៅក្លឹប Juventus ក៏ទទួលរងនូវបញ្ហារបួសយ៉ាងធ្ងន់ធ្ងរផងដែរ ខណៈដែលគាត់បានខកខានការប្រកួតសរុបចំនួន ៩១ដងក្នុងអំឡុងពេលរបស់គាត់នៅទីក្រុង Turin ដោយសារបញ្ហាផ្សេងៗ។

ក្លឹប Liverpool ដែលការប្រកួតជាមួយក្រុម Everton ត្រូវបានពន្យារពេលកាលពីថ្ងៃសៅរ៍កន្លងមក បានផ្តល់នៅការសម្រាកដែលនឹងស្មានមិនដល់ពីកាលវិភាគដ៏មមាញឹករបស់ពួកគេ ហើយពួកគេអាចទទួលការស្វាគមន៍ការវិលត្រលប់មកវិញរបស់តារាឆ្នើមក្នុងក្រុមដំបូងជាច្រើននាក់ក្នុងសប្តាហ៍នេះ។

អ្នកចាំទី Alisson ដែល​បាន​សម្រាកអស់រយៈពេល​ពីរ​ខែ​ដោយសារ​របួស​សរសៃពួរ​ត្រូវ​បាន​គេ​ឃើញ​ចូល​រួម​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​សុក្រ​ ហើយក្នុងនោះក៏មាន Diogo Jota ដែល​មិន​បាន​លេង​តាំង​ពី​ខែ​តុលា​មកម្ល៉េះ។

ទោះបីជាយ៉ាងណាក៏ដោយ ខ្សែការពារ Conor Bradley និង Ibrahima Konate នៅតែអវត្តមាន បន្ទាប់ពីរងរបួសពេលប៉ះ Real Madrid ក្នុង Champions League៕