កីឡាករសញ្ជាតិកូឡុំប៊ី James ដែលជាប់ឈ្មោះជាកីឡាករល្អប្រចាំព្រឹត្តិការណ៍ Copa America ឆ្នាំ២០២៤ ខណៈពេលដែល Messi និងប្រទេសអាហ្សង់ទីនអាចការពារតំណែងជើងឯករបស់ខ្លួននៅលើទឹកដីអាមេរិក ។ ពេលនេះ James កំពុងស៊ូទ្រាំនឹងពេលវេលាដ៏លំបាកមួយនៅអេស្ប៉ាញជាមួយនឹង Rayo Vallecano ។
អតីតកីឡាកររបស់ក្លឹប Real Madrid រូបនេះបានត្រលប់ទៅទ្វីបអឺរ៉ុបវិញ ក្រោយបង្ហាញខ្លួនយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ Copa ប៉ុន្តែពេលវេលានៃការប្រកួតរបស់គាត់មានចំនួនតិច ដោយសារតែគាត់ជាប់ជាជម្រើសកីឡាករទី២នៅក្នុងរដ្ឋធានីអេស្ប៉ាញ។ កីឡាករ James ទើបតែបង្ហាញខ្លួនតែ ១៣៦នាទីប៉ុណ្ណោះនៅ La Liga ក្នុងរដូវកាលនេះ ហើយបានចាប់ផ្តើមជាជម្រើសដំបូងតែម្តងគត់ក្នុងការប្រកួតក្របខ័ណ្ឌកំពូល។
មានការផ្ដល់យោបល់ថាកិច្ចសន្យារយៈពេលមួយឆ្នាំរបស់គាត់អាចត្រូវបានបញ្ចប់នៅដើមឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យកីឡាករវ័យ ៣៣ឆ្នាំស្វែងរកការប្រកួតប្រជែងថ្មីមួយទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ Estadio Deportivo បានអោយដឹងថាកីឡាករ James បាននឹងកំពុងស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Inter Miami។
ក្លឹប Inter Miami កំពុងតែរៀបចំក្រុមឡើងវិញ ក្រោយបរាជ័យក្នុងការប្រកួតជម្រុះ MLS Cup ក្នុងឆ្នាំ២០២៤ ទល់នឹងក្លឹប Atlanta United ដោយលោក David Beckham និងក្រុមប្រឹក្សាភិបាលរបស់ក្លឹបកំពុងស្វែងរកកីឡាករដែលមានកម្រិងខ្ពស់បន្ថែមទៀតមកពង្រឹងក្រុម។
កីឡាករ James សាកសមទៅនឹងតម្រូវការនេះ ហើយគាត់អាចនឹងទទួលបានឱកាសទៅចូលរួមជាមួយកីឡាករ Messi, Luis Suarez និង Sergio Busquets នៅរដ្ឋផ្លរីដា។ មានការពិភាក្សាផងដែរអំពី Inter Miami នៅតែរក្សាការតាមដានយ៉ាងដិតដល់លើកីឡាករ Angel Di Maria ដែលជាម្ចាស់ជើងឯក World Cup និងតារាឆ្នើមអន្តរជាតិប្រេស៊ីល Neymar ៕