តារាឆ្នើមរបស់ក្លឹប Inter Milan គឺកីឡាករ Denzel Dumfries វ័យ ២៨ឆ្នាំ បានបញ្ជាក់ថា គាត់នឹងបន្តស្នាក់នៅជាមួយក្លឹបនៅអ៊ីតាលី។
កីឡាករសញ្ជាតិហូឡង់ដែលមានកុងត្រាបច្ចុប្បន្នរបស់គាត់រហូតដល់ដល់ឆ្នាំ២០២៥ ធ្លាប់មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្រុម Manchester United ប៉ុន្តែវាហាក់ដូចជាគាត់នឹងបន្តស្នាក់នៅជាមួយក្រុម Serie A ។
គាត់បានប្រាប់ទូរទស្សន៍ NOS របស់ប្រទេសហូឡង់ថា៖ «ខ្ញុំមិនទាន់បានចុះហត្ថលេខាទៅលើការពន្យាកុងត្រានៅឡើយទេ។ យើងនៅមានព័ត៌មានលម្អិតមួយចំនួន ដែលយើងត្រូវធ្វើការពិនិត្យ»។
«ការចរចាបានបន្តមួយរយៈហើយ ព្រោះប៉ុន្មានខែកន្លងមកនេះ មានការផ្លាស់ប្តូរម្ចាស់ក្លឹប»។
«ខ្ញុំរំពឹងថាអ្វីៗនឹងដំណើរការ។ ខ្ញុំសង្ឃឹមថានឹងចុះហត្ថលេខាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យបញ្ហានេះត្រូវបានបញ្ចប់ហើយបន្ទាប់មកឈានទៅមុខ»៕