ខ្សែការពារ Jonathan Tah របស់ Bayer Leverkusen បានបញ្ជាក់ជាផ្លូវការពីការសម្រេចចិត្តចាកចេញពីក្លឹបនៅចុងបញ្ចប់នៃកិច្ចសន្យាបច្ចុប្បន្នរបស់គាត់។
កីឡាករ Tah បានបញ្ជាក់ថា៖ «ខ្ញុំនឹងមិនចុះកុងត្រាថ្មីនៅ Bayer Leverkusen ទេ។ ការសម្រេចចិត្តរបស់ខ្ញុំត្រូវបានធ្វើឡើង។ ខ្ញុំនឹងផ្តល់ឱ្យអស់ពីសមត្ថភាពរហូតដល់ទីបញ្ចប់នៅទីនេះ ហើយបន្ទាប់មកយើងនឹងឃើញពីអនាគតក្លឹបរបស់ខ្ញុំ។ ប៉ុន្តែការសម្រេចចិត្តរបស់ខ្ញុំគឺចង់ទៅសាកល្បងបទពិសោធន៍ផ្សេងទៀត»។
កីឡាករ Tah ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបល្បីៗ ជាច្រើនរួមទាំង Bayern Munich និង Barcelona នៅរដូវក្តៅឥឡូវនេះបានឈានចូលឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់។ អនាគតរបស់គាត់ គឺមិនមែននៅក្លឹប Leverkusen ទៀតទេនៅពេលនេះ។ ការរំពឹងទុកទំនងជានឹងកាន់តែខ្លាំងឡើងទាក់ទងនឹងទិសដៅបន្ទាប់របស់គាត់ ខណៈដែលគាត់សម្លឹងរកមើលការប្រកួតប្រជែងថ្មីៗនៅក្នុងអាជីពរបស់គាត់៕