អ្នកកាសែត Ben Jacobs បានរាយការណ៍ថាម្ចាស់ជើងឯក Saudi Pro League ២០២២-២៣ ក្លឹប Al-Ittihad បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើអតីតតារាឆ្នើម Liverpool កីឡាករ Mane នៅក្នុងទីផ្សារដោះដូរកីឡាករដែលកំពុងបន្ត។ ក្លឹប Al-Ittihad បានធ្វើការសាកសួរក្លឹប Al-Nassr រួចហើយជាមួយនឹងការដាក់សំណើរ ហើយក្លឹបទាំងពីរកំពុងចរចាលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ដែលអាចកើតឡើងក្នុងទម្រង់នៃកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ ឬកម្ចី។
លោក Jacob បានអោយដឹងថាក្លឹប Al-Ittihad បានសម្រេចចិត្តទាក់ទង់កីឡាករ Mane បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ និងអតីតកីឡាកររបស់ Real Madrid គឺ Benzema បានបង្ហាញពីបំណងចង់លេងជាមួយកីឡាករសញ្ជាតិសេណេហ្គាល់។ គាត់ជឿជាក់ថាការបន្ថែមខ្សែបម្រើស្លាបរូបនេះក្នុងក្រុម នឹងជួយពួកគេប្រជែងដណ្តើមពានលីកម្តងទៀតក្នុងរដូវកាល ២០២៤-២៥ ខាងមុខនេះ។
កីឡាករ Mane មានរដូវកាលដំបូងដ៏គួរឱ្យចាប់អារម្មណ៍ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីផ្ទេរមកពី Bayern Munich កាលពីរដូវក្ដៅមុន។ គាត់បានបង្ហាញខ្លួននៅក្នុងការប្រកួតចំនួន ៤៦ដង នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លឹប Al-Nassr ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីបាន ១៩គ្រាប់ និងបញ្ចូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៨ដង។ ការចាកចេញរបស់ Mane នឹងក្លាយជាបញ្ហាដ៏ធំមួយសម្រាប់ក្លឹបរបស់គាត់ ខណៈដែលគាត់បានបង្កើតភាពជាដៃគូប្រយុទ្ធដ៏រឹងមាំជាមួយ Cristiano Ronaldo៕