យោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្លឹបនៅ Ligue 1 នៅតែចង់ចុះហត្ថលេខាយកកីឡាករ Maupay របស់ក្លឹប Everton ក្នុងលក្ខខណ្ឌខ្ចីជើង ខណៈដែលពួកគេចង់ឱ្យកីឡាករសញ្ជាតិបារាំងរូបនេះលេងជាដៃគូរជាមួយនឹងកីឡាករ Greenwood នៅតំបន់ប្រយុទ្ធរបស់ពួកគេ។ កីឡាករវ័យ ២៨ឆ្នាំកំពុងឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយក្លឹប Everton។ គាត់បានចំណាយពេលកាលពីរដូវកាលមុនក្នុងការលេងខ្ចីជើងនៅក្លឹប Brentford ។
ក្លឹប Marseille កំពុងស្វែងរកជម្រើសកីឡាករតំបន់ប្រយុទ្ធ បន្ទាប់ពីកីឡាករ Faris Moumbagna បានរងរបួស ACL ហើយត្រូវអវត្តមានរយៈពេលវែង។ ក្លឹបបារាំងបានរៀបចំបញ្ជីសម្រាំងនៃខ្សែប្រយុទ្ធ ហើយ Maupay ត្រូវបានគេដាក់នៅកំពូលតារាងកីឡាករអាទិភាព។
អតីតយុវជនរបស់ក្លឹប Nice ត្រូវបានដាក់បញ្ចូលក្នុងក្រុមលោក Sean Dyche ក្នុងការប្រកួតជាមួយក្លឹប Brighton។ ទោះបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធរូបនេះមិនបានបង្ហាញខ្លួនលើទីលាននោះទេ ខណៈក្លឹប Everton បានប្រកួតចាញ់ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតបើករដូវកាលរបស់ពួកគេ។
ក្រុមរបស់លោក Roberto De Zerbi បានចាប់ផ្តើមយុទ្ធនាការឆ្នាំ ២០២៤-២៥ របស់ពួកគេជាមួយនឹងជ័យជម្នះ ៥-១ លើក្រុម Brest កាលពីថ្ងៃទី១៧ ខែសីហា។ ពួកគេនឹងត្រូវប្រកួតបន្ទាប់ជាមួយក្រុម Reims ក្នុង Ligue 1 នៅថ្ងៃអាទិត្យ៕