Phil Jones សម្រេចចិត្តព្យួរស្បែកជើង

0

ខ្សែការពាររូបនេះបានចាកចេញពី Man Utd កាលពីឆ្នាំមុនដោយគ្មានតម្លៃខ្លួន ខណៈចំណាយពេល ១២ឆ្នាំជាមួយនឹងក្លឹប និងបានចំណាយពេល ១២ខែចុងក្រោយជាកីឡាករគ្មានតម្លៃខ្លួន ហើយបានធ្វើការបង្វឹកក្រុមអាយុក្រោម ១៨ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Radio 5 Live កាលពីថ្ងៃសៅរ៍បានអោយដឹងថាគាត់បានសម្រេចចិត្តព្យួរស្បែកជើងហើយ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានចូលរួមជាមួយនឹងក្លឹប United ពីក្លឹប Blackburn ក្នុងវ័យ ១៩ឆ្នាំ ហើយបានក្លាយជាកីឡាករជម្រើសដំបូងក្នុងរដូវកាលដំបូងរបស់គាត់ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson មុនពេលបញ្ហារបួសបានធ្វើអោយការបង្ហាញខ្លួនរបស់គាត់មានកំណត់នៅក្រុមជម្រើសដំបូងរបស់ក្លឹបបិសាចក្រហម។ នៅក្នុងរដូវកាល ២០១៨-១៩ គាត់បានបង្ហាញខ្លួន ១៨ដង ហើយឆ្នាំបន្ទាប់មកគឺមានតែ ២ដងប៉ុណ្ណោះ។ គាត់​បាន​អវត្តមាន​ពេញ​មួយ​រដូវ​កាល ២០២០-២០២១ ហើយបន្ទាប់​មក​បាន​លេង​តួនាទី​ជាកីឡាករបម្រុង​នៅ​រដូវ​កាល​បន្ទាប់​ពី​នោះ។ ការប្រកួតចុងក្រោយរបស់គាត់ក្នុងបាល់ទាត់អាជីព គឺការបង្ហាញខ្លួនបាន ១៥នាទីក្នុងការឈ្នះ ៣-០ ទល់នឹងក្រុម Brentford ក្នុងខែឧសភា ឆ្នាំ២០២២។

គាត់បាននិយាយប្រាប់ BBC Radio 5 Live ថា៖ «អាជីពបានបញ្ចប់ខ្លីជាងអ្វីដែលខ្ញុំចង់បាន។ វាពិតជាខកចិត្តណាស់។ ខ្ញុំបានបញ្ចប់ A-licence របស់ខ្ញុំកាលពីរដូវកាលមុន ធ្វើការជាមួយក្រុមអាយុក្រោម ១៨ឆ្នាំ ដែលពិតជាបទពិសោធន៍ល្អ និងមានតម្លៃ ខ្ញុំរីករាយជាទីបំផុត ខ្ញុំចង់ត្រលប់ទៅទីនោះវិញ ហើយប្រជែងនឹងខ្លួនឯង ខ្ញុំប្រាថ្នាចង់ទៅដឹកនាំក្រុម ហើយខ្ញុំតាំងចិត្តថានឹងទៅទីនោះ»។

កីឡាករ Jones បានចេញពីក្រុមយុវជនរបស់ក្រុម Blackburn Rovers ដោយដំបូងឡើយបានចូលរួមនៅពេលអាយុ ១០ឆ្នាំ មុនពេលគាត់ក្លាយជាកីឡាករនៅក្រុមឈុតធំ។ បន្ទាប់ពីរយៈពេលពីរឆ្នាំដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងក្របខ័ណ្ឌ Premier League ក្លឹបបិសាចក្រហមក៏បានទាក់ទងទៅគាត់ និងនាំយកគាត់មក Old Trafford ហើយគាត់បានបន្តឈ្នះពានរង្វាន់កំពូលមួយចំនួនដូចជា FA Cup និង Europa League ផងដែរ៕