យោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Dortmund កំពុងចាប់អារម្មណ៍ទៅលើគោលដៅរបស់ក្លឹប Liverpool ក្នុងការចុះហត្ថលេខាយកកីឡាករខ្សែប្រយុទ្ធវ័យ ២១ឆ្នាំនៅក្នុងទីផ្សារដោះដូរនារដូវក្តៅនេះ។ ក្លឹប Dortmund បានរាយការណ៍អំពីការដាក់សំណើរតម្លៃ ២៥លានអឺរ៉ូ ខណៈក្លឹប Hoffenheim ដែលជាក្លឹបបច្ចុប្បន្នរបស់កីឡាករ Maximilian Beier បានទាមទារច្រើនជាងនេះ។
ជើងឯករងនៃក្របខ័ណ្ឌ Champions League ឆ្នាំ ២០២៣-២៤ កំពុងស្វែងរកការបន្ថែមខ្សែប្រយុទ្ធម្នាក់នៅក្នុងក្រុមរបស់ពួកគេ ក្រោយកីឡាករ Niclas Fullkrug បានចាកចេញទៅកាន់ក្លឹប West Ham កាលពីដើមខែនេះ។ កីឡាករ Maximilian Beier បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Hoffenheim កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ១៦គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ៣ដង ក្នុងការបង្ហាញខ្លួន ៣៣ដង។
កាលពីដើមរដូវក្តៅនេះ មានសេចក្តីរាយការណ៍ថាក្លឹប Chelsea ក៏ធ្លាប់បានសាកសួរអំពីខ្សែប្រយុទ្ធរូបនេះផងដែរ ប៉ុន្តែក្លឹបតោខៀវមិនទាន់ដាក់សំណើរផ្ទេរយកកីឡាករនេះទេ។
ក្លឹប Dortmund នឹងត្រូវលេងប្រកួតដំបូងនៅថ្ងៃទី១៧ ខែសីហា ជាមួយក្លឹប Phonix Lubeck ក្នុងជុំទីមួយនៃ DFB-Pokal ៕