យោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Barcelona កំពុងសម្លឹងរកមើលការផ្ទេរយកខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យ ២០ឆ្នាំ Chukwuemeka ពីក្លឹប Chelsea នៅក្នុងទីផ្សាររដូវក្តៅនេះ។ ក្លឹបយក្សកាតាឡានបានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Dani Olmo កាលពីថ្ងៃសុក្រ ប៉ុន្តែអ្នកចាត់ការលោក Hansi Flick នៅតែអាចស្វែងរកការបន្ថែមខ្សែបម្រើកណ្តាលមួយរូបទៀតនៅក្នុងក្រុមរបស់ខ្លួន ជាពិសេសជាមួយនឹងកីឡាករ Gavi, Pedri និង Frenkie de Jong ដែលរងរបួសក្នុងប៉ុន្មានខែថ្មីៗនេះ។
កាលពីដើមរដូវក្តៅក្លឹប AC Milan បានធ្វើការទាក់ទងទៅកាន់ក្លឹបតោខៀវ អំពីការដាក់សំណើរខ្ចីជើងកីឡាករ Chukwuemeka ប៉ុន្តែភាគី Premier League បានច្រានចោលសំណើរនេះ ដោយសារពួកគេមិនចាប់អារម្មណ៍ក្នុងការបញ្ជូនកីឡាកររូបនេះចេញក្នុងលក្ខខណ្ឌខ្ចីជើង។ វាមិនទំនងទេដែលខ្សែបម្រើវ័យក្មេងនឹងទទួលបានឱកាសគ្រប់គ្រាន់ក្នុងការលេងក្រោមការដឹកនាំរបស់ Enzo Maresca ក្នុងរដូវកាលនេះ ជាមួយនឹងជម្រើសកីឡាករជាច្រើននៅក្នុងក្រុម។ កត្តានេះអាចល្អសម្រាប់ក្លឹប Barcelona ព្រោះការផ្ទេររបស់កីឡាករមកកាន់ក្លឹបនៅ La Liga អាចផ្តល់ឱកាសអោយគាត់លេងបានច្រើនជាងមុន។
អតីតកីឡាករយុវជនរបស់ក្លឹប Aston Villa បានផ្ទេរទៅកាន់ Stamford Bridge នៅរដូវក្តៅឆ្នាំ២០២២ ហើយបានបង្ហាញខ្លួនត្រឹមតែ ១២ ប្រកួតប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់ក្នុងយុទ្ធនាការ ២០២៣/២៤ ដែលគាត់បានស៊ុតបញ្ចូលទីបាន ២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបាន ១ដង។
ក្រុមរបស់លោក Flick នឹងចាប់ផ្តើមរដូវកាល២០២៤/២៥ ដោយត្រូវប្រកួតជាមួយក្លឹប Valencia នៅថ្ងៃទី១៧ ខែសីហា នៅក្រៅផ្ទះ៕