Arsenal ចង់បានខ្សែបម្រើរបស់ក្លឹប PSG

0

កីឡាករ Ruiz គឺជាកីឡាករឆ្នើមម្នាក់នៅ Euro ២០២៤ ខណៈដែលគាត់បានជួយក្រុមអេស្បាញអោយឈ្នះពាន ជាមួយនឹងការឈ្នះទាំង ៧ប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ។ ក្លឹប Arsenal បាននិងកំពុងស្វែងរកការពង្រឹងតំបន់បម្រើរបស់ពួកគេនៅរដូវក្តៅនេះ ហើយបើយោងតាមការចេញផ្សាយរបស់ Duncan Castles បានរាយការណ៍ថាក្រុមកាំភ្លើងធំបានចាប់ផ្តើមពិភាក្សាជាមួយក្រុម PSG របស់លោក Luis Enrique ទាក់ទងនឹងការផ្ទេរមួយនេះ។

តាមប្រភពដដែលបានអោយដឹងថាកីឡាករ Ruiz គឺសាកសមលេងនៅក្នុងក្រុមរបស់លោក Mikel Arteta ដោយសារតែគុណសម្បត្ដិនៃការខិតខំប្រឹងប្រែងរបស់គាត់។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានឈ្នះការគ្រប់គ្រង់បាល់ច្រើនជាងគេនៅព្រឹត្តិការណ៍ Euro គឺ២ដងច្រើនជាងកីឡាករផ្សេងទៀតសម្រាប់ ៣ប្រកួតចុងក្រោយ។ បន្ទាប់ពីការចាកចេញរបស់កីឡាករ Mohammed Elneny និងឱកាសនៃការចាកចេញរបស់ Thomas Partey និង Emile Smith Rowe ក្លឹប Arsenal ត្រូវការស្វែងរកនៅខ្សែបម្រើម្នាក់ទៀត ហើយពួកគេក៏មានការផ្សារភ្ជាប់ក្នុងការផ្ទេរកីឡាករ Mikel Merino របស់ Real Sociedad ផងដែរ។

នេះបើយោងតាមការចេញផ្សាយ ក្លឹប Arsenal មិនមានថវិកាក្នុងការចំណាយដើម្បីជួយសម្រួលដល់ការទិញ Ruiz នៅរដូវក្តៅនេះទេ ហើយពួកគេអាចនឹងធ្វើកិច្ចព្រមព្រៀងដែលស្រដៀងជាមួយនឹងក្លឹប Brentford សម្រាប់ការផ្ទេរ David Raya កាលពីរដូវក្តៅមុន ចំពោះការផ្ទេរកីឡាករ Ruiz ពីក្លឹប PSG។ ក្រុមកាំភ្លើងធំអាចនឹងផ្តល់កិច្ចព្រមព្រៀងខ្ចីជើងទៅឱ្យក្រុមនៅ Ligue 1 សម្រាប់កីឡាករអេស្ប៉ាញជាមួយនឹងកាតព្វកិច្ចទិញនៅរដូវក្តៅឆ្នាំ២០២៥។

ខ្សែបម្រើវ័យ ២៨ឆ្នាំរូបនេះមិនទាន់បានចូលរួមជាមួយលោក Enrique និងក្រុម PSG សម្រាប់ការប្រកួត Pre-Season នៅក្នុងរដូវក្តៅនេះទេ ខណៈដែលគាត់ទទួលបានវិស្សមកាលបន្ថែមបន្ទាប់ពីបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិអេស្ប៉ាញនៅ Euros៕