ក្រោយបន្តកុងត្រាឲ្យ Mendy ក្លឹប Real Madrid នៅតែចង់បានខ្សែការពារបន្ថែម

0

យោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Real Madrid បានព្រមព្រៀងក្នុងការរក្សាទុកខ្សែការពារសញ្ជាតិបារាំងនៅ Santiago Bernabeu រហូតដល់ខែមិថុនា ឆ្នាំ២០២៧ ជាមួយនឹងជម្រើសសម្រាប់រដូវកាលបន្ថែម។ កីឡាករ Mendy ដែលកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតនៅឆ្នាំ២០២៥ បាទទួលនៅសំណើរថ្មីពីក្លឹប Real Madrid កាលពីប៉ុន្មានសប្តាហ៍មុន ហើយខ្សែការពាររូបនេះ ត្រូវបានគេរំពឹងទុកថានឹងធ្វើកិច្ចព្រមព្រៀងជាផ្លូវការភ្លាមៗ បន្ទាប់ពីគាត់ត្រលប់ពីវិស្សមកាលរបស់ខ្លួន ក្រោយចូលរួមក្នុងយុទ្ធនាការ Euro ២០២៤ ជាមួយក្រុមជម្រើសជាតិបារាំង។

រដូវកាល ២០២៣-២៤ គឺជាចំណុចរបត់មួយក្នុងអាជីពរបស់កីឡាករ Mendy នៅ Real Madrid ។ បន្ទាប់ពីជួបបញ្ហាកីឡាកររបួសនៅក្នុងតំណែងរបស់គាត់ បានធ្វើអោយគាត់មានឱកាសលេង និងបង្ហាញទម្រង់យ៉ាងល្អរបស់ខ្លួន ដោយក្លាយជាខ្សែការពារឆ្វេងជម្រើសដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការ Carlo Ancelotti ។ ទម្រង់លេងដ៏ទាក់ទាញរបស់គាត់បានជួយអោយគាត់រក្សាបានកៅអីដំបូងនៅក្លឹប។

ខណៈពេលដែលការបន្តកុងត្រារបស់ Mendy បានធានានូវស្ថេរភាពនៅក្នុងទីតាំងខ្សែការពារឆ្វេង ក្លឹប Real Madrid នៅតែមានមហិច្ឆតាលើសពីកីឡាករដែលកំពុងមាននាពេលបច្ចុប្បន្ន។ ក្លឹបត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលកីឡាករ Davies របស់ក្លឹប Bayern Munich ដែលមានកិច្ចសន្យាជាមួយក្លឹបយក្ស Bundesliga រហូតដល់ឆ្នាំ ២០២៥។ ការចរចារបស់កីឡាកររូបនេះជាមួយក្លឹប Bayern បានជាប់គាំង បើទោះបីជាក្លឹបនៅអាឡឺម៉ង់បានដំឡើងប្រាក់ឈ្នួលជាច្រើនក៏ដោយ ក៏ប៉ុន្តែវានៅមិនទាន់ស្មើរនៅអ្វីដែលគាត់ទាមទារ ២០លានអឺរ៉ូក្នុងមួយឆ្នាំ។

ការប្ដេជ្ញាចិត្តរបស់ Mendy ចំពោះក្លឹបគឺជាចំណុចសំខាន់ ដែលធានានូវកន្លែងរបស់គាត់នៅក្នុងផែនការអនាគតរបស់ក្រុម។ គាត់ទំនងជានឹងត្រលប់មកវិញនៅសប្តាហ៍ទីមួយនៃខែសីហា រួមជាមួយនឹងកីឡាករ Kylian Mbappe។ ខណៈដែលលោក Ancelotti សម្លឹងរកមើលជម្រើស ១១នាក់ដ៏រឹងមាំសម្រាប់លេងជាមួយក្លឹប Atalanta នៅ UEFA Super Cup នៅថ្ងៃទី១៤ ខែសីហា៕