Man Utd នឹងត្រូវប្រជែងជាមួយ West Ham ក្នុងការចុះហត្ថលេខាលើខ្សែការពាររបស់ក្លឹប Bayern Munich

0

យោងតាមការចេញផ្សាយរបស់ Sky Sports Germany បានអោយដឹងថាក្លឹបញញួរធំ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការផ្ទេរយកកីឡាករសញ្ជាតិម៉ារ៉ុក ខណៈដែលពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបយក្ស Bundesliga លើតម្លៃផ្ទេរ ១៥.៥លានអឺរ៉ូ បូកនឹងប្រាក់បន្ថែម ៤លានអឺរ៉ូ។

ក្លឹប United ក៏បានបង្ហាញចំណាប់អារម្មណ៍លើខ្សែការពារវ័យ ២៦ឆ្នាំរូបនេះផងដែរ ប៉ុន្តែបច្ចុប្បន្នក្លឹប West Ham នាំមុខគេក្នុងការប្រជែងយករូបគាត់។ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាប្រសិនជាក្លឹបបិសាចក្រហមចង់ចាប់ផ្តើមដាក់សំណើរយកកីឡាករ Mazraoui ពួកគេត្រូវតែលក់កីឡាករ Aaron Wan-Bissaka ជាមុនសិន។ ខ្សែការពារស្តាំវ័យ ២៦ ឆ្នាំរូបនេះបានបដិសេធការផ្ទេរទៅកាន់ West Ham រួចហើយ ដោយចង់ផ្ទេរទៅ Inter Milan នៅរដូវក្តៅនេះ ឬក៏ចាំរហូតដល់គាត់ក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅខែមិថុនា ឆ្នាំ២០២៥។

របាយការណ៍ក៏បានលើកឡើងផងដែរថា មានការពិភាក្សាអំពីការកិច្ចព្រមព្រៀងក្នុងការប្តូរកីឡាករដែល Wan-Bissaka ផ្លាស់ទៅ Inter Milan និង Denzel Dumfries ចូលរួមជាមួយ United ។ ទោះជាយ៉ាងណាក៏ដោយ គំនិតនេះនៅតែស្ថិតក្នុងដំណាក់កាលដំបូង។

តម្រូវការរបស់ក្លឹប West Ham សម្រាប់ការពង្រឹងផ្នែកខាងក្រោយកាន់តែមានសម្ពាធខ្លាំងឡើង បន្ទាប់ពីការចាកចេញរបស់កីឡាករ Ben Johnson ទៅចូលរួមជាមួយក្លឹប Ipswich Town ដែលទើបឡើងមកកាន់ Premier League ដោយគ្មានតម្លៃខ្លួន។ ចន្លោះប្រហោងរបស់គាត់នឹងត្រូវបានបំពេញដោយ Mazraoui ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលេងទាំងខ្សែការពារស្តាំ និងខ្សែការពារឆ្វេង៕