បរទេស៖ Al-Ahli គឺជាអ្នកចំណាយដ៏ធំម្នាក់នៅក្នុង Saudi Pro League កាលពីរដូវក្តៅមុន បន្ទាប់ពីបាននាំយក Riyad Mahrez, Allan Saint-Maximin, Edouard Mendy, Roberto Firmino និង Franck Kessie មកកាន់ក្លឹបពីក្លឹបកំពូលៗនៅអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានបរាជ័យក្នុងការបង្ហាញអំពីគុណភាពការប្រកួតប្រជែងនៅក្នុងទីលាន ហើយឥឡូវនេះកំពុងកំណត់គោលដៅលើកីឡាករប្រេស៊ីលទាំងពីរសម្រាប់ការផ្ទេរនារដូវក្តៅ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al-Riyadiyah បានអោយដឹងថាអ្នកចាត់ការក្លឹប Al-Ahli លោក Matthias Jaissle បានស្នើរសុំអោយមានការស្វែងរកកីឡាករមកជំនួសកន្លែងរបស់ Saint-Maximin ដែលបានចាកចេញពីក្លឹបដោយខ្ចីជើងទៅកាន់ក្លឹប Fenerbahce ។ យោងតាមប្រភពដដែលបានអោយដឹងថា ឈ្មោះកីឡាករ ២រូប ដែលស្ថិតនៅក្នុងបញ្ជីរបស់ពួកគេ គឺកីឡាករ Jesus និង Richarlison។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបមិនមែនសម្លឹងឃើញតែកីឡាករ ២រូបនេះទេ ហើយក៏យល់ព្រមក្នុងការផ្ទេរកីឡាករផ្សេងទៀត ប្រសិនជាគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ចង់បាន។
កាលពីដើមរដូវក្តៅកីឡាករ Richarlison ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ម្ចាស់ជើងឯក Saudi Pro League ក្លឹប Al-Hilal ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានច្រានចោលភ្លាមៗនៅពាក្យចចាមអារ៉ាមអំពីការចាកចេញរបស់គាត់ពីក្របខ័ណ្ឌ Premier League ខណៈដែលគាត់បាននិយាយនៅលើ Instagram [តាមរយៈ The Daily Mail] ថា៖ “ខ្ញុំបានបញ្ចប់ការសម្រាក់របស់ខ្ញុំ និងវិលត្រលប់មកហ្វឹកហាត់ ដើម្បីអោយបានល្អជាងមុន សម្រាប់រដូវកាលក្រោយ។ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយប៉ុន្មានថ្ងៃចុងក្រោយនេះ វាជាព័ត៌មានក្លែងក្លាយ។ ខ្ញុំនឹងមិនចាកចេញពីអង់គ្លេសនៅរដូវកាលក្រោយនោះទេ”។
អ្នកទាំង២ បានដកចេញពីក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួត Copa America នៅសហរដ្ឋអាមេរិក ដោយសារតពួកគេមានបញ្ហារបួស និងសុខភាព។ យ៉ាងណាមិញ កីឡាករប្រេស៊ីលទាំងពីរនាក់បានវិលទៅហ្វឹកហាត់មុនបើករដូវកាលជាមួយក្លឹបរៀងខ្លួន៕