បរទេស៖ ក្លឹប PSG បានបាត់បង់កីឡាករ Mbappe ដោយគ្មានតម្លៃខ្លួនទ ខណៈកីឡាករសញ្ជាតិបារាំងរូបនេះបានទៅចូលរួមជាមួយនឹងក្លឹប Real Madrid ដែលជាក្តីស្រម៉ៃរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្លឹប PSG កំពុងសម្លឹងការបំពេញនៅចំនុចខ្វះខាត ជាមួយនឹងការទាក់ទាញកីឡាករ Fernandes មកកាន់ប្រទេសបារាំងនៅរដូវក្តៅនេះ។
កីឡាករ Fernandes គឺជាកីឡាករសំខាន់សម្រាប់ Manchester United ចាប់តាំងពីគាត់បានចូលរួមជាមួយក្លឹបពី Sporting ក្នុងរដូវរងារឆ្នាំ២០២០។ គាត់បានធ្វើរឿងអស្ចារ្យជាច្រើនសម្រាប់ក្លឹបបិសាចក្រហមនៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយត្រូវបានគេរាយការណ៍ថាកំពុងគិតអំពីការផ្ទេរចេញពី ក្លឹប។ ដូច្នេះហើយ គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបដូចជា Bayern Munich និង Al-Nassr នៅរដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk កាលពីដើមខែបានអោយដឹងថាក្លឹប United ក៏បានផ្តល់ភ្លើងខៀវឱ្យខ្សែបម្រើព័រទុយហ្គាល់ដើម្បីចាប់ផ្តើមជជែកជាមួយក្លឹបអារ៉ាប៊ីសាអូឌីត។
ត្រលប់ទៅឆ្នាំ២០២១ ពេលនោះ គ្រូបង្វឹកក្លឹប PSG លោក Thomas Tuchel បានសរសើរកីឡាករ Fernandes យ៉ាងខ្លាំង បើទោះបីជាទើបតែទៅចូលរួមជាមួយនឹងក្លឹបបិសាចក្រហម។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានបង្ហើបថាលោកបានស្នើឲ្យក្លឹបព្យាយាមចុះហត្ថលេខាលើខ្សែបម្រើរូបនេះមុនពេលគាត់ផ្ទេរទៅ Old Trafford។
លោក Tuchel បាននិយាយថា៖ “ជាមួយនឹងនាយកកីឡាដំបូងរបស់ខ្ញុំនៅទីក្រុងប៉ារីស លោក Antero Henrique ដែលជានាយកកីឡាជនជាតិព័រទុយហ្គាល់ ហើយគាត់ស្គាល់ [Fernandes] យ៉ាងច្បាស់”។
“យើងបានតស៊ូយ៉ាងស្វិតស្វាញក្នុងការទំនាក់ទំនងជាមួយគាត់ និងនាំគាត់មកក្រុមរបស់យើង។ ខ្ញុំបានស្គាល់គាត់កាន់តែលម្អិត ដូច្នេះយើងបានមើលការប្រកួតកាន់តែច្រើនរបស់គាត់ ហើយតាមដានគាត់ ហើយព្យាយាមទាក់ទងគាត់ដើម្បីផ្ទេរមកកាន់បារាំង”។
“ជាក់ស្តែង គាត់សម្រេចចិត្ត [ចុះហត្ថលេខាជាមួយ Man Utd] ហើយខ្ញុំមិនដែលទាក់ទងគាត់ដោយផ្ទាល់ទេ ប៉ុន្តែយើងបានព្យាយាម ហើយគាត់បានជ្រើសរើសក្លឹបផ្សេង។ វាជារឿងអាក្រក់សម្រាប់ពួកយើងដែលត្រូវប្រកួតជាមួយគាត់”។
នៅពេលនេះ វាហាក់ដូចជាមិនទំនងដែលការផ្ទេរចេញពីក្រុមរបស់លោក Erik ten Hag អាចធ្វើទៅបានសម្រាប់ប្រធានក្រុម Manchester United។ ទោះបីជាយ៉ាងណាក៏ដោយ ដោយពិចារណាលើការផ្លាស់ប្តូរក្រុមដែលធ្វើឡើងដោយលោក Sir Jim Ratcliffe និង INEOS កីឡាករអន្តរជាតិព័រទុយហ្គាល់អាចត្រូវបានអនុញ្ញាតឱ្យចាកចេញប្រសិនបើក្លឹបមានអារម្មណ៍គាត់៕