ក្លឹបមួយនេះហ៊ានចំណាយ ៥០លានផោន ដើម្បីផ្ទេរយកអ្នកចាំទី Ederson

0

បរទេស៖ នេះបើយោងតាមសារព័ត៌មានរបស់ Daily Mail បានអៅយដឹងថាក្លឹបនៅ Saudi Pro League ចាប់អារម្មណ៍លើអ្នកចាំទី Ederson របស់ក្លឹប Manchester City កាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្លឹប Al-Ittihad ឥឡូវនេះបានដាក់សំណើរទិញកីឡាករប្រេស៊ីលរូបនេះហើយ។

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano កាលពីដើមសប្តាហ៍នេះបានអោយដឹងថាក្លឹប City បានបដិសេធសំណើរដំបូងរបស់ក្លឹប Al-Nassr ដែលមានតម្លៃ ២៥លានផោន ខណៈដែលក្លឹបបានទាមទារតម្លៃ ៥០លានផោនសម្រាប់អ្នកចាំទីសញ្ជាតិប្រេស៊ីល។ របាយការណ៍ចុងក្រោយបំផុតឥឡូវនេះអះអាងថាក្លឹប Al-Ittihad បានយល់ព្រមតាមការទាមទាររបស់ម្ចាស់ជើងឯក Premier League មួយនេះ។

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Man City នៅតែព្យាយាមចរចារលើកិច្ចព្រមព្រៀងថ្មីជាមួយអ្នកចាំទីជម្រើសដំបូងរបស់ពួកគេ ហើយត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ឱ្យគាត់នូវប្រាក់បៀវត្សរ៍ចំនួន ៩សែនផោនក្នុងមួយសប្តាហ៍ បូកនឹងប្រាក់រង្វាន់ ហើយសរុបមកប្រាក់ដែលគាត់ទទួលបានគឺកើនឡើងដល់ទៅ ៧៥ភាគរយ។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះបច្ចុប្បន្នកំពុងនៅសហរដ្ឋអាមេរិកជាមួយនឹងក្រុមរបស់លោក Pep Guardiola ដែលនឹងឃើញគាត់នៅក្នុងការប្រកួតថ្ងៃអង្គារ៍ជាមួយនឹងក្លឹប Celtic នៅរដ្ឋ North Carolina ៕