បរទេស៖ អតីតតារាឆ្នើមរបស់ក្លឹប Real Madrid បានបង្ហាញថាគាត់នៅតែមានភាពពុះកញ្ជ្រោល ជាមួយនឹងការបង្ហាញទម្រង់លេងយ៉ាងល្អនោ Copa America ខណៈដែលគាត់បានជំរុញឱ្យក្រុមជម្រើសជាតិរបស់គាត់ឈានដល់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតទ្វីប។ នៅក្នុងព្រឹត្តិការណ៍នេះកីឡាករ Rodriguez ក៏បានបង្កើតកំណត់ត្រាថ្មីនៅ Copa America ជាមួយនឹងការបញ្ជូនបាល់ចំនួន ៦ដង ដែលជួយឱ្យគាត់ទទួលបានពានរង្វាន់សម្រាប់កីឡាករល្អបំផុតនៃការព្រឹត្តិការណ៍។
យោងតាមអ្នកកាសែតអាល្លឺម៉ង់ Garcia Grova បានអោយដឹងថាកីឡាករ Rodriguez គ្រោងនឹងបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយក្លឹប Sao Paulo ហើយព្យាយាមស្វែងរកក្លឹបថ្មីតំបន់អឺរ៉ុប។ ទម្រង់លេងរបស់គាត់បានបញ្ជាក់អោយដឹងថាគាត់នៅតែមានការផ្តល់ជូនជាច្រើនសម្រាប់ការប្រកួតប្រជែងកម្រិតខ្ពស់ ហើយវាទំនងជាថាក្លឹបនៅអឺរ៉ុបមួយចំនួនអាចចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកគាត់។ លោក Fabrizio Romano បានបន្ថែមទៀតថា៖ Rodriguez “ចង់” ត្រលប់មកកាន់តំបន់អឺរ៉ុបវិញ។
កាលពីប៉ុន្មានខែមុន កីឡាករ Rodriguez បានបង្ហាញអំពីឪកាសក្នុងការត្រលប់ទៅកាន់ក្លឹប Everton វិញ។ គាត់បានឆ្លើយតបនៅក្នុងបណ្តាញសង្គមដែលបង្ហោះដោយ Everton Hub ដែលបានណែនាំគាត់អោយត្រលប់មកកាន់ក្លឹបវិញ។
អាជីពរបស់កីឡាករ Rodriguez ត្រូវបានបំពេញដោយសមិទ្ធិផលគួរឱ្យកត់សម្គាល់។ គាត់ធ្លាប់លេងឱ្យក្លឹបធំៗមួយចំនួននៅអឺរ៉ុប រួមមាន Real Madrid, Bayern Munich និង Everton។ ដោយស្គាល់ពីចក្ខុវិស័យ ភាពច្នៃប្រឌិត និងសមត្ថភាពស៊ុតបញ្ចូលទីធ្វើអោយកីឡាករ Rodriguez ក្លាយជាកីឡាករសំខាន់សម្រាប់ក្លឹប និងប្រទេស។ ហើយការវិលត្រឡប់ទៅកាន់ទ្វីបអឺរ៉ុបនឹងផ្តល់ឱកាសឱ្យគាត់ក្នុងការប្រកួតបាល់ទាត់លំដាប់កំពូលម្តងទៀត៕