ឃាត់ខ្លួនមុខសញ្ញាករណីឃាតកម្មម្នាក់ ប្រើកាំបិតកាប់លើស្រ្តីចំណាស់ម្នាក់បណ្តាលឲ្យស្លាប់

0

បាត់ដំបង៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម,ស្នឹង និងកម្លាំងប្រជាការពារ នៃអធិការដ្ឋាននគរបាលស្រុកបាណន់។

ការប្រតិបត្តិការស្រាវជ្រាវរុករក និងបង្រ្កាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សឿង ទន់ ហៅធំ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នៅចំណុចតំបន់ជួរភ្នំ ក្នុងភូមិសាស្រ្តឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង យកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពាក់ព័ន្ធករណីឃាតកម្ម ប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៣៖១០នាទី នៅចំណុចក្រុមទី៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលបានប្រើកាំបិតកាប់ទៅលើ ជនរងគ្រោះឈ្មោះ ហោ ប៉ុក ភេទស្រី អាយុ៨៤ឆ្នាំ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង បណ្តាលឲ្យស្លាប់ ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕