ក្លឹប Manchester United ត្រូវបានរាយការណ៍ថាបានដាក់សំណើរទៅកាន់ក្លឹប Benfica ក្នុងតម្លៃ ៦០លានអឺរ៉ូ សម្រាប់ការផ្ទេរយកកីឡាករ Neves នៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ A Bola បានអោយដឹងថាក្លឹប PSG បានដាក់សំណើរខ្ពស់ជាងក្លឹបបិសាចក្រហមទៀត ដែលមានតម្លៃប្រមាណ ៧០លានអឺរ៉ូ។
ក្លឹបនៅ Premier League បានសម្លឹងរកមើលការចុះហត្ថលេខាយកកីឡាករ Neves ចាប់តាំងពីថ្ងៃបញ្ចប់នៃរដូវកាលមក។ ទោះជាយ៉ាងណាក៏ដោយក្លឹប Benfica បានទាមទារតម្លៃ ១២០លានអឺរ៉ូ ទើបពួកគេអាចអនុញ្ញាតអោយកីឡាករសញ្ជាតិព័រទុយហ្គាល់ចាកចេញ ហើយពួកគេនឹងមិនធ្វើការចរចាណាមួយទាក់ទងនឹងតម្លៃរបស់កីឡាករវ័យ ១៩ឆ្នាំម្នាក់នេះទេ។
ក្លឹប Benfica សម្លឹងរកមើលការផ្តល់ជូនកុងត្រាថ្មីសម្រាប់កីឡាករ Neves នៅរដូវក្តៅនេះ។ កីឡាករវ័យក្មេងរូបនេះទទួលបានប្រាក់ឈ្នួល ៥សែនអឺរ៉ូក្នុងមួយឆ្នាំ ខណៈក្លឹបចង់តម្លើងអោយដល់ទៅ ១លានអឺរ៉ូ។
តម្លៃរបស់ Neves ដែលទាមទារដោយក្លឹប Benfica ទៅកាន់ក្លឹប Manchester United និង PSG មើលទៅអាចជាការលំបាកសម្រាប់ក្លឹបទាំង ២ក្នុងការផ្ទេរគាត់នៅរដូវក្តៅនេះ៕