ក្លឹប Arsenal និង Chelsea កំពុងប្រជែងគ្នាចង់បានខ្សែការពាររបស់ក្លឹប Bologna

0

យោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្រុមកាំភ្លើងធំបានសម្លឹងឃើញខ្សែការពារកណ្តាលសញ្ជាតិអ៊ីតាលីជាមួយនឹងផែនការរយៈពេលវែងរបស់ខ្លួន ហើយក្នុងនោះគាត់ក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹបដូចជា Paris Saint-Germain, Chelsea និង Bayer Leverkusen ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport វិញបានអោយដឹងថាក្លឹប Liverpool, West Ham និង Juventus ក៏បានចាប់អារម្មណ៍ទៅលើកីឡាករជម្រើសជាតិអ៊ីតាលីដូចគ្នា ប៉ុន្តែមិនទាន់ធ្វើការដាក់សំណើរណាមួយនោះទេ។

ប្រភពដដែលបានអោយដឹងថាក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ គឺមានសង្ឃឹមក្នុងការឈានដល់ការព្រមព្រៀងជាមួយនឹងកីឡាករវ័យ​២២ឆ្នាំនៅចុងសប្តាហ៍នេះ ខណៈបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអះអាងថាកីឡាករ Calafiori បានបើកចំហរក្នុងការទៅចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ ខណៈដែលក្លឹប Arsenal និង Chelsea គឺជាក្លឹបដែលបានធ្វើការចរចាជាមួយនឹងកីឡាករប៉ុណ្ណោះ។

កីឡាករ Calafiori បានក្លាយជាតួអង្គសំខាន់សម្រាប់ក្លឹប Bologna ចាប់តាំងពីចូលរួមជាមួយក្រុមពីក្លឹប Basel របស់ប្រទេសស្វីសកាលពីឆ្នាំមុន។ គាត់បានបង្ហាញខ្លួនចំនួន ៣៣ដងនៅក្នុងការប្រកួតទាំងអស់ ក្រោមការដឹកនាំរបស់លោក Thiago Motta ដែលបច្ចុប្បន្នជាអ្នកចាត់ការថ្មីនៅក្លឹប Juventus។ គាត់ក៏បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមជម្រើសជាតិអ៊ីតាលីនៅដើមខែមិថុនា ដោយបានចូលលេងទាំង ៣ប្រកួតសម្រាប់ក្រុមជម្រើសជាតិក្នុងការប្រកួតវគ្គចែកពូល ប៉ុន្តែពួកគេបានទទួលបរាជ័យក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិស្វីស នៅវគ្គ ១៦ក្រុម។

អតីតកីឡាករ Roma និង Genoa នឹងត្រូវធ្វើការពិចារណាទៅលើអនាគតរបស់គាត់ ខណៈដែលក្លឹប Arsenal និង Chelsea កំពុងព្យាយាមបញ្ចុះបញ្ចូលគាត់អោយមកកាន់ទឹកដីអង់គ្លេស ហើយសង្ឃឹមថានឹងអាចឈានដល់ការព្រមព្រៀងជាមួយនឹងក្លឹប Bologna ដែលគាត់នៅមានកុងត្រាដល់ឆ្នាំ២០២៧៕