យោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាក្លឹប Manchester United កំពុងតែត្រៀមលក្ខណៈដើម្បីបន្តការខ្ចីជើងកីឡាករ Jadon Sancho និង Mason Greenwood សម្រាប់រដូវកាលខាងមុខនេះ។
បច្ចុប្បន្ន កីឡាករ Sancho កំពុងខ្ចីជើងនៅក្លឹប Borussia Dortmund ដោយបានចូលរួមជាមួយក្លឹបអាល្លឺម៉ង់កាលពីខែមករា។ ទន្ទឹមនឹងនេះដែរ កីឡាករ Greenwood កំពុងលេងខ្ចីជើងនៅក្លឹប Getafe របស់អេស្ប៉ាញ បន្ទាប់ពីកិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីរដូវក្តៅមុន។
ការរំពឹងទុកបានកើតឡើងនៅពេលដែលលោក Sir Jim Ratcliffe ដែលជាម្ចាស់ជាភាគហ៊ុនថ្មីរបស់ក្លឹបបានពិភាក្សាជាមួយកីឡាករ Greenwood ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយបង្ហាញពីការវិលត្រឡប់ដ៏មានសក្តានុពលមកកាន់ក្លឹប Manchester United ។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមប្រភពរបស់ HITC បានបញ្ជាក់ថា សេណារីយ៉ូបែបនេះនៅតែមិនអាចទៅរួចនៅដំណាក់កាលនេះ។
ទោះបីជាមានភាពមិនច្បាស់លាស់ជុំវិញស្ថានភាពអ្នកចាត់ការទូទៅលោក Ten Hag ដែលអាចនឹងចាកចេញពីក្លឹប Man Utd។ ខណៈពេលដែលកីឡាករ Sancho បានបង្ហាញការពេញចិត្តក្នុងការបន្តស្នាក់នៅ Dortmund និងបង្ហាញចំណាប់អារម្មណ៍តិចតួចក្នុងការវិលត្រលប់មកកាន់ United វិញ៕