កាលពីដើមខែមីនា សារព័ត៌មាន Football Transfers បានចេញផ្សាយថាក្លឹប Manchester United បានក្លាយជាគូរប្រជែងដ៏ខ្លាំងខ្លាក្នុងការនាំយកខ្សែការពារ Jarrad Branthwaite របស់ក្លឹប Everton ដោយសារតែក្លឹបបិសាចក្រហមចង់ពង្រឹងនៅតំបន់ការពាររបស់ពួកគេសម្រាប់រដូវកាល ២០២៤-២៥។
នៅពេលនេះសារព័ត៌មាន The Daily Mail បានរាយការណ៍អោយដឹងថាក្លឹប United អាចនឹងត្រូវប្រជែងជាមួយនឹងក្លឹប Manchester City និង Real Madrid ក្នុងការចុះហត្ថលេខាយកខ្សែការពារសញ្ជាតិអង់គ្លេស ដែលមានតម្លៃផ្តាច់កុងត្រាប្រមាណ ៦០លានផោននៅក្នុងកុងត្រាបច្ចុប្បន្នរបស់គាត់។
នៅក្នុងរដូវកាល ២០២៣-២៤នេះ កីឡាករ Branthwaite បានបង្ហាញខ្លួន ៣១ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ ហើយគាត់បានបង្ហាញខ្លួនជាប្រចាំអោយក្លឹប Everton ដែលកំពុងឈរនៅលេខរៀងទី ១៦ ក្នុងលីគ។
កីឡាករវ័យ ២១ឆ្នាំរូបនេះ ត្រូវបានកោះហៅពីក្រុមជម្រើសអង់គ្លេសសម្រាប់ការប្រកួតមិត្តភាពនៅក្នុងខែមីនានេះ ហើយអាចនឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស នៅថ្ងៃអង្គារទល់នឹងប្រទេសបែលហ្សិកនៅកីឡដ្ឋាន Wembley៕