កាលពីដើមខែមីនា សារព័ត៌មាន Marca បានរាយការណ៍ថាក្លឹបយក្សនៅបារាំង Paris Saint-Germain បានរៀបចំនៅសំណើរដែលមានទំហំទឹកប្រាក់ប្រមាណ ២០០ លានអឺរ៉ូសម្រាប់ផ្ទេរយកកីឡាករ Lamine Yamal ដែលកំពុងលេងនៅទឹកដី Camp Nou។ ឥឡូវនេះ ប្រធានក្លឹប Barcelona លោក Joan Laporta បានអះអាងជាថ្មីថា ក្លឹបបានបដិសេធសំណើរ ២០០ លានអឺរ៉ូសម្រាប់ផ្ទេរយកខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។
ប្រធានក្លឹប Barca រូបនេះបានអះអាងថា ក្រៅពីខ្សែបម្រើស្លាបវ័យ ១៦ឆ្នាំ រូបនេះ ពួកគេនៅបានទទួលនៅសំណើរសម្រាប់កីឡាករ Barcelona ប្រាំមួយនាក់ផ្សេងទៀតពីក្លឹបគូប្រជែង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្លឹបយក្សកាតាឡានមិនមានបំណងចង់លក់កីឡាករវ័យក្មេងរបស់ពួកគេណាម្នាក់នោះដែរ។
លោក Laporta បានប្រាប់ទៅកាន់ SPORT ថា៖ «យើងទទួលបាននៅសំណើរសុំផ្ទេរកីឡាករដូចជា Lamine Yamal ក្នុងតម្លៃ ២០០លានអឺរ៉ូ ហើយយើងបាននិយាយថាទេ ពីព្រោះយើងជឿជាក់លើក្មេងប្រុសម្នាក់នេះ»។
លោក Laporta បានបន្ថែមទៀតថា៖ «យើងក៏មានសំណើរផ្ទេរសម្រាប់កីឡាករ Alejandro Balde, Fermin, Gavi, Pedri, De Jong, Araujo… ប៉ុន្តែពួកយើងមិនចង់លក់ពួកគេនោះទេ»។
ក្រុមរបស់លោក Xavi នឹងចូលមកប្រកួតប្រជែងវិញបន្ទាប់ពីសម្រាកអន្តរជាតិនៅថ្ងៃទី៣០ ខែមីនា ខណៈដែលពួកគេប៉ះក្លឹប La Palmas នៅក្របខណ្ឌ La Liga៕