បរទេស៖ ក្លឹប Chelsea កំពុងតែពិចារណាទៅលើការផ្ទេរខ្សែប្រយុទ្ធ Jhon Duran របស់ក្លឹប Aston Villa។ នេះបើយោងតាមការចេញផ្សាយរបស់ Nathan Gissing បានអោយដឹងថាកីឡាករ Duran ត្រូវបានយកមកពិចារណាជាជម្រើសរយៈពេលខ្លីរបស់ក្លឹប Chelsea។
កីឡាករ Duran ដែលជាខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី មិនទាន់ធ្វើការបង្ហាញខ្លួនសម្រាប់ក្លឹប Aston Villa នៅក្នុងក្របខណ្ឌ Premier League សម្រាប់រដូវកាលនេះទេ ប៉ុន្តែគាត់បានស៊ុតបញ្ចូលទី ២គ្រាប់ក្នុងការប្តូរជំនួស ១៧ដង។ ចាប់តាំងពីគាត់បានផ្ទេរមកពីលីគអាមេរិក ពីខាងក្លឹប Chicago Fire នៅឆ្នាំ២០២២ កីឡាករ Duran ទើបតែស៊ុតបញ្ចូលទី ៤គ្រាប់សម្រាប់ក្លឹប Villa។ គួរកត់សម្គាល់ថាក្លឹប Chelsea ក៏ធ្លាប់មានការចង់បានកីឡាករ Duran មុនពេលដែលគាត់បានផ្ទេរក្នុងតម្លៃ ១៨ លានផោនមកកាន់Villa Park មុនការបិទទីផ្សារខែមករាឆ្នាំ ២០២២៕